ព័ត៌មាន
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានធ្វើសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធី ដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធីដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ៖
កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពួកគេបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពរបស់យោធាថៃនៅទីនោះ។
ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅដល់ទីតាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្តទៅចំនួន៣លើកជាប់គ្នារយៈពេលជាងមួយសប្តាហ៍ចុងក្រោយ ខណៈដែលកំណត់ទូតតវ៉ាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសកម្មភាពដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបាន។ ចំណែកការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ និងសកម្មភាពមួយចំនួនទៀតដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងដែលទាហានថៃដណ្តើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិ ក៏ត្រូវបានកម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងក្លានិងជាបន្តបន្ទាប់ដោយមិនរំលងមួយករណីណាឡើយ។
លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតទៅកាន់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដើម្បីឆ្លើយតបចំពោះការបង្ហាញឆន្ទៈរបស់ប្រទេសបារាំងក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងថៃក្នុងករណីមានសំណើពីកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើសុំប្រទេសបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ព្រមទាំងសម្រួលដល់ការទទួល និងផ្តល់ឯកសារប្រវត្តិសាស្រ្តនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។
លិខិតរបស់សម្តេចធិបតីទៅកាន់ប្រធានាធិបតីបារាំង គឺជាជំហានថ្មីមួយទៀតដែលបញ្ជាក់ពីវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមគ្រប់មធ្យោបាយសន្តិវិធី តាមរយៈទំនាក់ទំនងការទូត ដោយអនុលោមតាមច្បាប់អន្តរជាតិ ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលការពារយ៉ាងរឹងមាំដោយឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសដែលទទួលស្គាល់ជាអន្តរជាតិជាយូរលង់មកហើយ។ ប្រទេសបារាំងដែលដើរតួនាទីសំខាន់ក្នុងការផ្តល់ការប្រឹក្សានិងឯកសារដ៏មានសារសំខាន់ទាំងនេះ បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របុព្វហេតុការពារបូរណភាពទឹកដីរបស់កម្ពុជា។
ក្រឡេកមកមើលតំបន់អាស៊ានវិញ កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្របសម្រួលដោះស្រាយបញ្ហារវាងកម្ពុជានិងថៃដោយសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ពីរលើក និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពមួយលើក ក្រោមគំនិតផ្តួចផ្តើមនិងការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិកនិងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន ប្រទេសហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ កំពុងបន្តសម្របសម្រួលដើម្បីឱ្យការអនុវត្តបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជានិងថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ពីម៉ាឡេស៊ីដើម្បីបន្តការងារនេះឱ្យមានប្រសិទ្ធភាព។
ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា សកម្មភាពការងាររបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់ប្រទេសថៃបាននិងកំពុងបន្តធ្វើយ៉ាងសកម្មនិងឥតដាច់ ពោលគឺចប់ពីសកម្មភាពមួយ ចូលដល់សកម្មភាពមួយទៀត បន្តបន្ទាប់គ្នានិងប្រទាក់ក្រឡាគ្នារហូតឥតឈប់ឈរ។ ចំណែកសហគមន៍តំបន់និងអន្តរជាតិ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍស្ថានការណ៍និងជួយជ្រោមជ្រែងគ្រប់ពេលវេលាដើម្បីធានាថា បទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នារវាងកម្ពុជានិងថៃត្រូវបានគោរព ហើយការរំលោភបំពាននានាត្រូវបានកត់ត្រានិងបកអាក្រាត ហើយក៏ជាសារយ៉ាងច្បាស់ប្រាប់ទៅភាគីថៃថា ទឹកដីកម្ពុជាមិនអាចរំលោភបំពានបានឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវបទឈប់បាញ់ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត