Connect with us

ព័ត៌មាន

ក្រសួងការបរទេសប្រកាសបដិសេធជាថ្មី ចំពោះអ្នកការទូតជាន់ខ្ពស់ថៃ​ចោទ​ប្រកាន់​កម្ពុ​ជា​ថា​ប្រើប្រាស់​ប្រាសាទព្រះវិហារជាទីតាំងយោធា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​លើក​ឡើង​ថ្មី​ៗ​នេះ​របស់​អ្នក​ការទូតជា​ន់​ខ្ពស់​ប្រទេ​សថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា តាមការផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ ​មន្រ្ដីការទូតជាន់ខ្ពស់របស់ថៃ បានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសា​ទ​ព្រះវិហារ​ ជាទីតាំងយោធា។

ទាក់ទងការចោទប្រកាន់នេះ កម្ពុជាអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់​បេតិក​ភណ្ឌ​ពិភព​លោក​ដ៏​មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និង​សាសនា​ដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់​សម្រាប់​គោល​បំណង​យោធា​ឡើយ​។

តាមសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងនាមជារដ្ឋភាគី​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជា​តែង​ប្រកាន់​ខ្ជាប់​នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រម​ទាំង ទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និង​សាសនា​ប៉ុណ្ណោះ​។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ជាថ្មីថា វត្តមាន​របស់​ឆ្មាំ​សន្តិសុខក​ម្ពុជា​ដើម្បី​ការពារ​បេតិក​ភណ្ឌ​វប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថា ជាការប្រើប្រាស់​ប្រាសាទ​ក្នុង​គោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ​នៅ​តែស្ថិ​តនៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែល​មានសមត្ថកិច្ច​ហើយ​ការ​រៀបចំ​សន្តិសុខ​ណាមួ​យ​នៅ​ទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និង​សមា​មាត្រ​ទៅ​នឹង​ តម្រូវការនៃការអភិរក្សការពារទីតាំងនោះ។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា ការប៉ុនប៉ង​ពិពណ៌​នា​ប្រាសាទ​ព្រះវិហារ​ថា​ជា​ទីតាំង​យោធា ​គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែល មាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អំណាច​តុលាការ​អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែង ប្រកាន់ខ្ជាប់​ចំពោះ​ច្បាប់​អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូល រួម​សហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។

ក្រសួង​ការបរទេសកម្ពុជាបញ្ជាក់ទៀតថា ប្រាសាទព្រះវិហារ នៅតែជាប្រាសាទសន្តិភាព វប្បធម៌ និ​ង​បេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ ហើ​យ​ការការពារតំបន់បេតិ កភណ្ឌពិភពលោកនេះ គឺជាការទទួល​ខុស​ត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia