ព័ត៌មាន
កម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
ជាភាពត្រេកអរ កម្ពុជា បានទទួលវត្ថុបុរាណខ្មែរ ៧៤រូប ត្រឡប់មកដល់កម្ពុជាវិញ។ វត្ថុបុរាណនេះ ទទួលបានពីគ្រួសារ លោកឌូក្លាស ឡាចហ្វដ ដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារ លោក ឡាចហ្វូដ។ សារមន្ទីរជាតិនៅថ្ងៃនេះ ក៏បានរៀបចំពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណទាំង ៧៤រូបនោះដែរ។ ពីធីនេះធ្វើឡើងក្រោមវត្តមាន របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី វត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ ជាសមិទ្ធផលធំធេងថ្មីមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក ឡាច់ហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣។ នេះជាការខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បី ប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
វត្ថុសិល្បៈទាំងនេះមានអាយុកាលតាំងពីសម័យមុនអង្គរ រហូតដល់សម័យរុងរឿងនៃចក្រភពអង្គរ មាន ជាអាទិ៍ បដិមាដ៏ល្អឯកសាងពីថ្មភក់ និងលោហធាតុ ព្រមទាំងវត្ថុប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗ។ ក្នុងចំណោមវត្ថុ សំខាន់ៗទាំងនេះ មានបដិមាដ៏ពិចិត្រចំនួន២ សាងពីថ្មភក់នាដើមសម័យអង្គរស្ថិតក្នុងរវាង៥០ឆ្នាំដំបូងនៃសតវត្ស ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលលោក ឡាចហ្វដ បានអះអាងថាមានប្រភពដើមមកពីភ្នំគូលែន។
បដិមាទេពប្រុសនិងទេពស្រីទាំង២នេះ ត្រូវបានចាត់ទុកជាស្នាដៃសិល្បៈគំរូមួយ ដែលត្រូវបានសាងក្នុង ដំណាក់កាលដំបូងនៃការបង្កើតចក្រភពអង្គរ ហើយជាញឹកញាប់ត្រូវបានគេហៅថា “បដិមាមួយគូ”។ ជាមួយគ្នានេះ ផ្អែកតាមភស្តុតាងនានាបញ្ជាក់ថា បដិមាទេពស្រី ជាវត្ថុបុរាណដ៏កម្រមួយនៃរចនាបថគូលែន។ ក្រៅពីនេះ មាន ព្រះសិរ្សព្រះព្រហ្ម សាងពីថ្មភក់ និងបដិមាយក្ស (រាក្ស័ស) មកពីតំបន់ប្រាសាទកោះកេរ។
ព្រះសិរ្សព្រះព្រហ្ម ដែលមានទម្រង់ព្រះភក្ត្រស្ងប់ និងពោរពេញដោយអំណាច ដើមឡើយជាប់ជាមួយនឹងដងខ្លួនស្ថិតក្នុងប្រាសាទ ធំមួយ ដែលបង្ហាញពីទស្សនៈលោកធាតុ និងភាពប្រណិតនៃរចនាបថកោះកេរ។ វត្ថុពិចិត្រមួយទៀតនោះគឺ បដិមាសំរិទ្ធរចនាបថបាខែង ដែលជាស្នាដៃឯកបង្ហាញពីការវិវត្តផ្នែកបដិមាសាស្ត្រនាដើមសម័យអង្គរ។
ក្នុងការរៀបចំពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណទាំង ៧៤រូបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានសម្ដែងភាពត្រេកអរចំពោះ ការទទួលបានវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ ឯកឧត្តមបញ្ជាក់ថា នេះជាភាពជោគជ័យសម្រាប់កម្ពុជា ហើយឯកឧត្តមក៏ជឿជាក់ថាកម្ពុជានឹងជោគជ័យលើការបំពេញការងារជាបន្តបន្ទាប់ ក្នុងការបញ្ជូនវត្ថុបុរាណខ្មែរនានាត្រឡប់មកកម្ពុជាវិញ។
វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណនិងទេពកោសល្យ របស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ។ អស់ជាច្រើនទសវត្សរ៍កន្លងមក រតនវត្ថុជាច្រើនបានឃ្លាត ចាកឆ្ងាយពីមាតុភូមិក្នុងអំឡុងពេលសង្គ្រាម និងចលាចលក្នុងប្រទេស។ ការវិលត្រឡប់មកវិញនៃរតនវត្ថុទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់មរតកវប្បធម៌របស់ខ្លួន និងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សកលលោកថា ប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុងការការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន ក្នុងការ ថែរក្សាការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌បុរាណសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិ ទាំងមូល។
អត្ថបទ៖គឹមហុក

















-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត