Connect with us

ព័ត៌មាន

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់​ទៅ​អាយឆា​អំពី​ការ​វាយ​ប្រហារ​ជា​លើក​ទីពីរ​របស់​យោធា​ថៃ​មក​លើ​កម្ពុជា

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំលើកទី៤២ ឆ្នាំ២០២៦ របស់គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (អាយឆា) កាលពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបដល់​អង្គប្រជុំអំពី​ការ​វាយ​ប្រហារ​ជា​លើក​ទីពីរ​របស់​យោធាថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែល​អំឡុង​ពេល​២១​ថ្ងៃនោះ សព្វាវុធសព្វបែបយ៉ាងត្រូវបានប្រើប្រាស់ ដោយចេតនា មិនសមាមាត្រ និង​គ្មាន​បែង​ចែក​គោលដៅ ហើយយន្តហោះចម្បាំង​បា​ន​ធ្វើ​ប្រតិបត្តិការ​ហោះចូល​មក​ទម្លាក់​គ្រាប់​យ៉ាង​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យភាពកម្ពុជា។ ការវាយប្រហារនេះ បានធ្វើ​ឱ្យ​ប្រជាជន​ស៊ីវិល​ជា​ច្រើន​នាក់ ​ត្រូវបាត់បង់ជីវិត និងរងរបួស ព្រមទាំងបង្កឱ្យមានជនភៀសសឹកជាង ៦៤៩ ០០០នាក់ និង​បាន​បំផ្លិច​បំផ្លាញយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា អស់រយៈពេលពីរខែហើយ ក្រោយ​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមាន ដែលក្នុង​នោះ​បាន​ធានា​យ៉ាង​ច្បាស់​ដល់​ការ​វិល​ត្រឡប់​របស់​ជនភៀសសឹកទៅផ្ទះសម្បែងវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង ប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ តែផ្ទុយទៅវិញ មានជនភៀសសឹកប្រមាណជាជាង ៥០ ០០០​នាក់​ទៀតភាគច្រើនជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​នៅ​ឡើយ​ទេ​។ ឧបសគ្គដែលរារាំងដល់ ការវិលត្រឡប់នេះ គឺបណ្តាលមក​ពី​ផ្ទះស​ម្បែង​របស់​ពួក​គេត្រូ​វ​បាន​បំផ្លិច​បំផ្លាញ ​ការបន្តកាន់កាប់ដែនដីកម្ពុជា ដោយខុសច្បាប់ ការដាក់ពង្រាយទូកុង​តឺន័រ​និង​បន្លា​លួស​ ព្រមទាំងហានិភ័យនៃសំណល់គ្រាប់បែកចង្កោម និង យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត។ សោកនាដកម្ម បង្កើតឡើងដោយមនុស្សនេះ មិនមានមូលដ្ឋានផ្លូវច្បាប់ណា មួយអាច​យក​មក​សំអាង​បាន​ឡើយ ហើយក៏ផ្ទុយទាំងស្រុងនឹងវត្ថុបំណងនៃច្បាប់សិទ្ធិមនុស្សតំបន់នឹងអន្តរជាតិ ដែល​ចង់ឱ្យមនុស្សទូទៅសម្រេចបាននូវបំណងប្រាថ្នាដ៏ឧត្តមមួយ គឺការរស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ រួចចាកផុត ពីការភ័យខ្លាច និងទុគ្គតភាព។ រាជរដ្ឋាភិបាលកម្ពុជា នៅតែ​បន្ត​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ដែលតែងតែស៊ីចង្វាក់គ្នាទាំងស្រុង ជាមួយនឹងសកម្មភាពជាក់ស្តែងរបស់ខ្លួន ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់។

ពាក់ព័ន្ធនឹង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម ស៊្រាង ចិន្តា សមាជិកគណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា បានផ្ញើសារយ៉ាង​ច្បាស់​ និង​ម៉ឺង​ម៉ាត់​បំផុតថា  “កម្ពុជា​មិនមែន​ជា​ឋានសួគ៌​សម្រាប់​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នោះ​ទេ​”។ ជាក់ស្តែង ប្រតិបត្តិការនៃការបង្ក្រាបបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម និង​សម្រេចបា​ន​លទ្ធ​ផលជាច្រើនករណី ក្នុងនោះមានជនល្មើស​ចម្រុះ​ជាតិ​សាសន៍ត្រូ​វ​បាន​ចាត់​ការ​តាម​នីតិវិ​ធី​ច្បាប់​ជា​ធរមាន រួមទាំងមានការ​បណ្តេញ​ជន​បរទេស​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​រាប់​ពាន់​នាក់​ចេញ​ពី​ប្រទេស។ ទន្ទឹមនេះ កម្ពុជាក៏មានកិច្ច​សហការ​យ៉ាង​ល្អ​ជាមួយ​បណ្តា​ប្រទេស និង​អង្គការ​នានា​ទាំងក្នុ​ងតំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាម ប្រព័ន្ធ​បច្ចេក​វិទ្យា ​ដែលជាកង្វល់និងបញ្ហាប្រឈមរួម។ បន្ថែមលើសកម្មភាពបង្ក្រាបដ៏សកម្មទាំងនេះ កម្ពុជា​ក៏​កំ​ពុងរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងនិរន្តរភាព ប្រសិទ្ធ​ភាព​នៃ​ការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ដើម្បីឈានទៅ​ដល់​ការ​បោសស​ម្អាត​បទ​ល្មើស​នេះ​ទាំង​ស្រុងចេញពីប្រទេស៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia