Connect with us

ព័ត៌មាន

បេសកកម្មការទូតរបស់សម្តេចធិបតី​ធ្វើឲ្យ​អន្តរជាតិ​បាន​ដឹង​​ច្បាស់​ពី​អំពើ​ឈ្លាន​ពាន​របស់​ថៃ និង​ជំហរ​​របស់​កម្ពុជាចង់​​ដោះស្រាយ​​បញ្ហាព្រំដែនជាមួយថៃ​ដោយសន្តិវិធី ស្រប​តាម​គោលការណ៍​ច្បាប់​​អន្តរជាតិ

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិបាល​បានលើកឡើងថា បេសកកម្មការទូតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​​រដ្ឋមន្ត្រី នៅសហរដ្ឋ​អាម៉េរិក និងអឺរ៉ុប បានធ្វើឱ្យសហគមន៍អន្តរជាតិដឹងយ៉ាងច្បាស់​​ពី​អំពើ​ឈ្លាន​ពាន​របស់​ថៃ​លើដែនអធិបតេយ្យកម្ពុជា​ ក៏ដូចជាបានយល់ច្បាស់ពី​ជំហរ​របស់​កម្ពុជាដែល​ជា​ប្រទេស​​ស្រឡាញ់ស​ន្តិភាព ចង់ដោះស្រាយបញ្ហាព្រំដែន​ជាមួយថៃដោយសន្តិវិធី ស្រប​តាម​គោល​ការណ៍​​ច្បាប់​​អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើង ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង ស្ថាប័នដែល​ជា​សេនាធិការ​ទាំង​អស់​បាន​បំពេញ​ការងារ​ការទូត​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋ។ ជាក់ស្តែង ដំណើរ​បេសក​កម្មការទូតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប គឺ​ជាកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ការទូតយ៉ាងសកម្ម ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ សហគមន៍​អន្តរជាតិ​បាន​ទទួល​ព័ត៌មាន​ពិត​យ៉ាង​ទូលំ​ទូលាយ​ស្តីពី​ការ​ចូល​កាន់​កាប់​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ពី​សំណាក់​កង​កម្លាំង​ថៃ និងបានយល់ច្បាស់ពីជំហររបស់កម្ពុជាដែលចង់បានដំណោះស្រាយដោយសន្តិវិធី ស្រប​តាមគោលការណ៍ច្បាប់អន្តរជាតិ។

​អ្នក​នាំ​ពាក្យបានថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃ​ត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃនេះ រយៈពេលពីរខែបានកន្លងផុតទៅហើយ។ បទ​ឈប់​​បាញ់​នេះ​កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈ​ការងារ​ការ​ទូត​ ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋ​ប្រជាមា​និត​ចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥។

សម្រាប់សម្តេចធិបតី នាយករដ្ឋមន្ត្រី កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​មាន​បទ​ឈប់​បាញ់​និង​ការ​ទទួល​យក​បទ​ឈប់​បាញ់ សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និង​សុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជា​នៅ​តែ​រក្សា​សិទ្ធិ​យ៉ាង​ពេញ​លេញ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​អនុ​លោម​តាម​សន្ធិ​សញ្ញា ​អនុសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានជាធរមាន ខណៈ​ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ច្បាស់ថា កម្ពុជា​ដើរ​លើ​ផ្លូវ​សន្តិភាព​ តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ​នៃ​ប្រជាជាតិ​របស់​ខ្លួន​បាន​ឡើយ​។ អាចនិយាយបានថា បទឈប់បាញ់ គឺជា​គោលបំណង​ដ៏​ពិសិដ្ឋ​របស់​រាជ​រដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​កម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស និងការខូចខាត​ផ្សេង​ទៀត​ដែល​កើត​ចេញ​ពី​ការ​ប្រយុទ្ធគ្នាដោយអាវុធពីព្រោះប្រជាជនកម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ និងបាន​ស្គាល់​យ៉ាង​ច្បាស់​នូវ​រស​ជាតិសង្គ្រាម។ នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និង​គ្រប់​ចំណុច​ទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូច​ជា​កិច្ច​ព្រម​ព្រៀង​ពាក់​ព័ន្ធ​ដទៃ​ទៀត​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាកាលពីពេលកន្លងទៅ ក្នុងនោះក៏មាន​សេចក្តី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡា​ឡំពួរ ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ និងយោងស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ ​យោធិនកម្ពុជា១៨ នាក់​ត្រូវបានដោះលែង​ឱ្យ​មាន​សេរីភាព​បាន​វិល​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសឹកជាង៩២% ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះ​សម្បែង​វិញ​ហើយ​គិត​មក​ទល់​ថ្ងៃ​នេះ។ ប៉ុន្តែ នៅសល់ជនភៀស​សឹកជាច្រើន​ម៉ឺន​នាក់​ទៀត​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​នៅឡើយដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ​ការ​ដាក់​រាយ​បន្លា​លួស ​និងទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចយកទ្រព្យសម្បត្តិរបស់ពួកគេ។

ប្រឈមមុខចំពោះការរំលោភបំពាននេះ រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន ​និង​កំពុង​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​សកម្មភាពដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការ​ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើត​ស្ថាន​ភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់​ស្តែង​ពី​សំណាក់​កង​កម្លាំង​ថៃ ​ហើយបាននិងកំពុងជំរុញឱ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី៣ នៃសេចក្តីប្រកាសរួម ដែល​ចែង​ថា «រាល់​ការ​ព្រម​ព្រៀង​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពា​ល់​ដល់​ការ​ខ័ណ្ឌ​សីមា​ព្រំដែន​ និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំង​ពីរ​ឯកភាព​គ្នា​ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ ស្របតាម​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរ​អង្វែង​តាមបណ្តោយព្រំដែន…»។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាន​ផ្ញើកំ​ណត់​ទូត​ជា​ច្រើន​លើក​ទៅ​កាន់​ភាគីថៃក្នុងនោះកំណត់ទូតចុងក្រោយត្រូវបានផ្ញើទៅកាន់ភាគីថៃនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) នៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បី​បន្ត​អនុវត្តន៍ការងារបោះបង្គោលបណ្តោះអាសន្ននៅ​កំណាត់ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូ​ដើម​បង្គោល​ជំនាន់​បារាំង​នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា និងកំណត់ខ្សែព្រំដែន​នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន​បញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត កម្ពុជា​បន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជា​ប្រកាន់​ជំហរ​យ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង​កំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រម​ទាំង​កិច្ច​ព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia