Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តសហការជាមួយអ្នកពាក់ព័ន្ធនិងដៃគូពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន

ក្នុងឱកាសដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចុះពិនិត្យថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទីតាំងនៅស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ទីរបរិស្ថានខេត្ត បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការល្បាត ការពង្រឹងការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច តាមរយៈការទទួលបានផលប្រយោជន៍ពី ឥណទានកាបូន ការរៀបចំសហគមន៍គោលដៅបៃតង ការធ្វើកសិកម្មមានមេត្រីនឹងបរិស្ថាននិងពង្រឹងភាពធន និងការប្រើប្រាស់កែច្នៃអនុផលព្រៃឈើប្រកបដោយនិរន្តរភាពជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បានចំនួន៥កន្លែង រួមមានខេត្ត មណ្ឌលគិរី សៀមរាប ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តកោះកុង ដែលថ្នាលបណ្តុះកូនឈើនីមួយ មានសមត្ថភាព បណ្តុះកូនឈើបានប្រមាណ ៣០ម៉ឺនដើម ទៅ១,២លានដើមក្នុងឆ្នាំ។ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនសាធារណជន ចំនួន៣,៤លានដើម ដើម្បីយកទៅដាំ តាមរយៈយុទ្ធនាការពន្លកបៃតង នៅឆ្នាំ២០២៥។ នៅក្នុងឆ្នាំ២០២៦នេះក្រសួងបរិស្ថាន មានគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដោយគ្រោងនឹងចែកកូនឈើជូនប្រជាពលរដ្ឋចំនួម៥លានដើម ដើម្បីយកទៅដាំស្តារព្រៃសហគមន៍ ដាំតាមមូលដ្ឋាន ទីសាធារណៈ សាលារៀន វត្តអារាមជាដើម។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារការពារ និងអភិរក្សធនធានធម្មជាតិ និងការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia