ព័ត៌មាន
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិមរមា
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិមរមា។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទង ដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។
ជាក់ស្តែង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទួគីនិងគូវ៉ែត បានចេញសេចក្តីអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអ់សឱ្យមានការប្រុងប្រយ័ត្ន និងបានទាក់ទងជាប្រចាំជាមួយប្រធានក្រុមនិស្សិតហើយបានប្រាប់ឱ្យពួកគេរក្សាការប្រុងប្រយ័ត្នចំពោះសវត្ថិភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនជានិច្ចក្នុងករណីមានអាសន្ន ដោយត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរនៃប្រទេសដែលខ្លួនកំពុងស្នាក់នៅ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា នៅប្រទេសអ៊ីស្រ្តាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩ នាក់កំពុងសិក្សានៅទីនោះ ក្នុងនោះនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន១៥៣ នាក់និងសាលាកសិកម្មព្រែកលាបចំនួន៨៦ នាក់។ ចំណែកនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧នាក់។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅ ធ្វើការ ឬធ្វើដំណើរកម្សាន្តក្នុងបណ្តាប្រទេសមជ្ឈឹមបូព៌ាផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្គត់ធ្ងន់ថា ថ្នាក់ដឹកនាំកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហានេះ។ រហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានស្តីពីប្រជាជនខ្មែរទទួលរងគ្រោះដោយសារសង្គ្រាមនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបញ្ជាក់ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព៕

-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ