ព័ត៌មាន
លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត
នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលលោកជំទាវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ក្នុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីមោទនភាពរបស់លោកជំទាវក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងជាផ្នែកមួយដែលបានឃើញនូវការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាមានជាអាទិ៍៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រមទាំងការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ជាដើម។ លោកជំទាវបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកជំទាវឯកអគ្គរដ្ឋទូត TEO Lay Cheng ក្នុងការចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវផងដែរ ដែលទទួលការតែងតាំងសម្រាប់ភារកិច្ចថ្មីរបស់លោកជំទាវ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សិង្ហបុរីក្នុងការគាំទ្រ និងជំរុញឱ្យមានបទឈប់បាញ់របស់វាងកម្ពុជា និងថៃ នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសកក្កានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីក៏បានជម្រាបជូនលោកជំទាវអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតសង្ឃឹមថា បញ្ហានៃជម្លោះព្រំដែននេះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី៕


-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ