ព័ត៌មាន
ស.ស.យ.ក បើកចុះឈ្មោះប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានប្រកាសបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League រដូវកាលថ្មី ឆ្នាំ២០២៦ នាដើមខែមិថុនាខាងមុខ ខណៈការចុះឈ្មោះចូលរួមនឹងចាប់ផ្ដើមទទួលពាក្យ នៅពាក់កណ្ដាលខែមីនានេះ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានេះ ធ្វើឡើងគោលបំណង ដើម្បីមចំណែកជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងរឹតចំណងសាមគ្គីភាពរវាងស្ថាប័ន ស.ស.យ.ក. ខេត្តរាជធានី និងស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ការប្រកួតពានរង្វាន់ Soccer League លើកទី៩ នេះ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដោយរក្សាការរៀបចំលើ ២វិញ្ញាសាដដែល ទាំងវិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។
តាមរយៈនេះ ស.ស.យ.ក. បានជូនដំណឹងដល់សមាគម/ក្លិបបាល់ទាត់ទាំងអស់ ដែលមានបំណងចូលរួម អាចរកទិញពាក្យ និងដាក់ពាក្យចូលរួមប្រកួតប្រជែងបាន នៅអាគារ The Campus តាមមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការលក់ពាក្យ ចាប់ពីផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែមីនា និងការទទួលពាក្យចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ប្រភពដដែលបន្ដថា ក្រុមដែលមានសិទ្ធចូលរួមការប្រកួតព្រឹត្តិការណ៍នេះ រួមមានក្រសួង-ស្ថាប័ន, ស.ស.យ.ក ទាំង២៥រាជធានី-ខេត្ត, គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាជាតិ-អន្ដរជាតិ, មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ព្រមទាំងក្រុមហ៊ុនឯកជន សមាគម និងអង្គការនានាជាដើម ដោយក្រុមនីមួយៗអាចចុះបញ្ជីកីឡាករដំបូងពី ១៥នាក់ ទៅ ២២នាក់ និងមន្ត្រី ៥រូប ហើយភ្ជាប់ជាមួយប្រវត្តិរូបកីឡាករម្នាក់ៗ ដើម្បីផ្ទៀងផ្ទាត់ពីការចូលរួមដោយត្រឹមត្រូវផងដែរ។
សម្រាប់ប្រាក់រង្វាន់ជ័យលាភី នារដូវកាលថ្មីនេះដែរ ចំពោះផ្នែកបុរស ក្រុមជើងឯក ទទួលបាន ២៥លានរៀល, លេខ២ ទទួលបាន ១០លានរៀល និងលេខ៣ ទទួលបាន ៥លានរៀល ។ រីឯផ្នែកនារី ក្រុមជើងឯក ទទួលបាន ១០លានរៀល, លេខ២ ទទួលបាន ៥លានរៀល និងលេខ៣ ទទួលបាន ៣លានរៀល ។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់ក្រុម Fair-Play និងពានរង្វាន់ឯកត្តជនជាច្រើនផងដែរ។
គួរដឹងថា កាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍បាល់ទាត់ Soccer League លើកទី៨ គឺមានក្រុមបាល់ទាត់ចូលរួមសរុប ៦៣ក្រុម ក្នុងនោះមានក្រុមបុរស ៥៦ក្រុម និងនារី ៧ក្រុម ។ ជាលទ្ធផលក្រុមបាល់ទាត់អាណាចក្របៃតង់ បានគ្រងជើងឯកផ្នែកបុរស និងក្រុមបាល់ទាត់សូភីណាអេហ្វស៊ី បានគ្រងជើងឯកផ្នែកនារី៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង