Connect with us

ព័ត៌មាន

ស្រ្តីក្នុងវិស័យកាត់ដេរជាង៨០ភាគរយ បានរួមចំណែក​យ៉ាង​សំខាន់​ដល់សេដ្ឋកិច្ចជាតិ

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្មការិនីនៅក្នុងវិស័យកាត់ដេរ សម្លៀក​បំពាក់ ​ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលមាន​អត្រា​កម្មករ​និយោជិត​ជា​ស្រ្តី​ប្រមាណជា​ង ៨០% ក្រៅពីការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតចំណូលសម្រាប់គ្រួសារ ក៏​បាន​រួមចំណែកក្នុងការបង្កើនទំហំនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ដែលជា​ចន្ទល់​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ ដោយបានបង្កើតការងារជាច្រើន និងចូលរួមចំណែកប្រមាណជា ៥៥% នៃ​ការ​នាំ​ចេញសរុប។

ក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែល​រៀបចំ​ឡើង​ដោយ​សភា​សម្ព័ន្ធ​សហជីព​ជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុង​វិស័យ​ការងា​រ» កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មការិនីនៅតាមសហគ្រាស ក្រុមហ៊ុន រោង​ចក្រ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តាមរយៈការចូលរួមផលិតផលិតផលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ទន្ទឹមនឹង​ការ​បំពេញ​តួនាទីដ៏មមាញឹកនៅក្នុងគ្រួសារ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅឆ្នាំ២០២៥កន្លងទៅ ចំនួន​កម្មករ​និយោជិក​នៅ​ក្នុងវិស័យកាត់ មានការកើនឡើងរហូតដល់ ១លាន ១៣ម៉ឺននាក់ គឺជា​កំណើន​មួយ​ដែល​មាន​ទំហំច្រើន ហើយក្នុងនោះមានមួយចំណែកគឺជាអតីតពលករមកពីប្រទេសថៃ។ ឯកឧត្តម សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និង​សុខភាពការងារ និងផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈ​ការ​អនុវត្ត​យ៉ាង​ហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនានា ដែល​កម្មករ​និយោជិត​ជា​ស្ត្រី ​តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

យោងតាមរបាយការណ៍របស់ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាន​ឱ្យ​ដឹង​ថា គិតក្នុងឆ្នាំ២០២៥កន្លងទៅ NACC បានចូលរួមយ៉ាង​សកម្ម​ក្នុង​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទការងារ, ចុះចងក្រងបង្កើតសហជីព, ផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិនានា, ចូល​រួម​ក្នុង​យន្តការត្រីភាគី ពិសេសជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលករខ្មែរ។

គិតត្រឹមឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើដំណើរមានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាម៉េរិក កើនឡើងកើនឡើង ១៥,៨​ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ដែលមានតម្លៃប្រមាណ ១៣,៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia