ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ថាខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្មករច្រើន ខណៈរោងចក្រកើនឡើងដល់ជិត ១ ៦០០កន្លែង
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាស កើនឡើងដល់ជិត១ ៦០០កន្លែង ហើយកំពុងមានតម្រូវការកម្មករ និយោជិកច្រើន ដូចនេះជាឱកាសល្អ សម្រាប់ប្រជាពលរដ្ឋ យុវជន និងបងប្អូនអតីតពលករមកពីប្រទេសថៃ អាចទាក់ទងរកការងារតាមរយៈមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺបាន ។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តចំបក់ជើងភ្នំ ស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាអតីតនាយករដ្ឋមន្ត្រី បន្តមកអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺខិតខំធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសុខសន្តិភាព ពលរដ្ឋរស់នៅដោយភាពសុខសាន្ត ក៏ដូចជាប្រឹងប្រែងទាក់ទាញ អ្នកវិនិយោគក្រៅប្រទេស មកធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតជាឱកាសការងារដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជាដើម ។
ឯកឧត្តមបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះហើយ ទើបធ្វើឲ្យមានទំនុកចិត្ត មានក្រុមហ៊ុនបរទេសជាច្រើន មកវិនិយោគនៅកម្ពុជា ដែលមានបង្កើនជារោងចក្រសហគ្រាស ដើម្បីផលិតផលិតផលនាំចេញ ដោយឡែកនៅខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសបង្កើតឡើងចំនួន ១ ៥៩៩កន្លែង និងបានផ្ដល់ការងារដល់កម្មករ និយោជិកជាង ៣០ម៉ឺននាក់ នេះមិនគិតដល់វិស័យក្រៅប្រព័ន្ធជាច្រើនទៀត ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យនេះ ក៏អំពាវនាវទៅសិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ឬប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ គឺអាចទាក់ទងជាមួយមន្ទីរការងារខេត្ត ដើម្បីទទួលបានឱកាសការងារ នៅតាមបណ្តារោងចក្រ សហគ្រាសបាន ព្រោះបច្ចុប្បន្ននៅខ្វះកម្មករ និយោជិកជាង ១ម៉ឺននាក់ទៀត ។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចនូវសមិទ្ធផលជាច្រើនទៀត ដែលខេត្តកំពង់ស្ពឺទទួលបានជាបន្តបន្ទាប់ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា សម្រេចសមិទ្ធផលធំៗជាច្រើនរួមមាន៖ ការស្តារសន្តិសុខនិងស្ថិរភាព នយោបាយ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ស្ពាន), ការបើកសាលារៀននិងមន្ទីរពេទ្យឡើងវិញ, ការអភិរក្សវប្បធម៌(អង្គរវត្ត, របាំ,ល្ខោន) ជំនឿសាសនា (វត្តអារាម) និងការលើកកម្ពស់សេដ្ឋកិច្ចតាមរយៈ វិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ ។
ចំពោះវិស័យពុទ្ធចក្រនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រធិបតេយ្យ សមិទ្ធផលដែលមានទាំងអស់ត្រូវបានបំផ្លាញ វត្តអារាមត្រូវបានបំប្លែងជាឃ្លាំងដាក់ស្រូវ មន្ទីរឃុំឃាំង ឬបំផ្លាញចោល ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក ឬសម្លាប់ចោល ហើយក្រោយប្រទេសជាតិ មានស្ថិរភាពនយោបាយឡើងវិញ សមិទ្ធផលធំៗត្រូវបានលេចរូបរាងឡើងទូទាំងប្រទេស ពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកាន់ជំនឿសាសនា ហើយសមិទ្ធផលអារាមសាសនា ក៏បានកើតមាននៅពាសពេញប្រទេស ។ ជាក់ស្ដែងព្រះវិហារថ្មី រួមនិងសមិទ្ធផលនានា នៅក្នុងវត្តចំបក់ជើងភ្នំ ដែលកសាងឡើងអស់ទឹកប្រាក់ប្រមាណជាង ៥៤ម៉ឺនដុល្លារដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជាចំណងដៃ ចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទសម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ៕ អត្ថបទ បាន សុខរិទ្ធិ










-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា6 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង