ព័ត៌មាន
ក្រសួងអប់រំ និងKOICA ប្រជុំពិនិត្យលើកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅកម្ពុជា ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងទូទៅ និងអនុគណៈកម្មការបច្ចេកទេស ស្តីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ តាមខេត្តគោលដៅ ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Moonjung Choi នាយិកាប្រចាំប្រទេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) លោកស្រី Kyung-nan Park នាយិកាប្រចាំប្រទេស កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងបញ្ជាក់ពីតួនាទីភារកិច្ច រួមនឹងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មការ និងអនុគណៈកម្មការបច្ចេកទេស និងបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីក្រោមគម្រោងគាំទ្រការអនុវត្តរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា នៅតាមសាលារៀនគោលដៅមួយចំនួននៃខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ គម្រោងគាំទ្រនេះ ផ្តោតសំខាន់លើរបបអាហារសិស្ស ហេដ្ឋារចនាសម្ព័ន្ធផ្ទះបាយ កន្លែងសិស្សទទួលទានអាហារ សម្ភារៈផ្ទះបាយ និងការកសាងសមត្ថភាពជូនដល់ក្រុមការងារបច្ចេកទេសនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីសាវតាកម្មវិធីផ្តល់អាហារតាមសាលា ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ ដោយបានសហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន និងរំលេចពីយុទ្ធសាស្ត្រផ្ទេរកម្មវិធីអាហារតាមសាលារៀន និងកម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា និងផលជះពហុវិស័យរបស់កម្មវិធីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធជាមួយ WFP អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនជូនដល់កុមារក្នុងវ័យសិក្សានៅកម្រិតបឋមសិក្សា ដោយក្នុងឆ្នាំសិក្សា២០២៥-២០២៦ មានសាលាបឋមសិក្សា ១ ១១៤ បាននិងកំពុងទទួលផលពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងនោះសាលា ៨១៦ អនុវត្តដោយប្រើថវិកាជាតិ និងសាលា ២៩៨ ទៀត អនុវត្តដោយប្រើថវិកាដៃគូអភិវឌ្ឍនានា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។
នាឱកាសនេះដែរ នាយិកាប្រចាំប្រទេស កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរួមគ្នាតាំងពីចាប់ផ្តើមដំបូងមកទល់បច្ចុប្បន្ន និងចូលរួមអបអរសាទរ ដែលក្នុងឱកាសដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង កន្លងមកនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចទទួលយកតួនាទីជាប្រធានកិត្តិយសកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។ នេះពិតជាវឌ្ឍនភាពដ៏សំខាន់ និងជាសញ្ញាណវិជ្ជមានថ្មីមួយទៀត សបញ្ជាក់ពីការទទួលស្គាល់ភាពចាំបាច់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តកម្មវិធីនេះ ខណៈ WFP នឹងនៅតែបន្តភាពជាដៃគូផ្នែកបច្ចេកទេសប្រកបដោយប្រសិទ្ធភាព គាំទ្រដល់យុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចគោលដៅភាពជាម្ចាស់នៃកម្មវិធីនេះទាំងស្រុងត្រឹមឆ្នាំ២០២៨។

ជាមួយគ្នានេះដែរ នាយិកាប្រចាំប្រទេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបង្ហាញពីមោទនភាពចំពោះវឌ្ឍនភាពនៃកម្មវិធី បន្ទាប់ពីបានមើលឃើញពីសមិទ្ធផលជាច្រើននៃគម្រោងគាំទ្រការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍សម្រាប់ដំណាក់កាលទី១ ឆ្នាំ២០២០ ដល់ ២០២៤ និងសម្រាប់ឆ្នាំទី១ ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៥ ដល់២០២៩។ លោកស្រីក៏បានរំលេចពីគោលបំណងក្នុងការបន្តពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធការអនុវត្តកម្មវិធី វាយតម្លៃពីបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ និងសកម្មភាពគ្រោងអនុវត្តនៅឆ្នាំ២០២៦ សំដៅជំរុញឱ្យបាននូវវឌ្ឍនភាពនៃការផ្ទេរ-ទទួលកម្មវិធីទៅជាកម្មវិធីជាតិ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានជំរុញបេសកកម្មនេះឱ្យទទួលបានជោគជ័យ និងបង្កើតផលជះជាវិជ្ជមានជាច្រើនដល់សហគមន៍នៅតាមតំបន់ជនបទដែលមានតម្រូវការពិតប្រាកដ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយគម្លាតអាហារូបត្ថម្ភរបស់កុមារមកពីគ្រួសារខ្វះខាតលទ្ធភាព ឱ្យទទួលបានការលូតលាស់បញ្ញាស្មារតីពេញលេញនិងរឹងមាំ និងបានចូលរួមចំណែកសម្រាលបន្ទុកគ្រួសាររបស់សិស្ស ក៏ដូចជាសហគមន៍កសិផលក្នុងស្រុក៕

-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ