ព័ត៌មាន
កម្ពុជា-សិង្ហបុរី ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យព្រមទាំងស្វែងរកវិស័យថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ
ភ្នំពេញ៖ តាមការអញ្ជើញរបស់ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តម នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានផ្តល់ការ ស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថា ទស្សនកិច្ចនេះជាការឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីយូរអង្វែង រវាងកម្ពុជា និងសិង្ហបុរី។
ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ បានពិភាក្សាប្រកបដោយផ្លែផ្កា អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ចាប់ពីកិច្ចសហប្រតិបត្តិការនយោបាយរហូតដល់កិច្ចសហការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងស្វែងរកវិស័យថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ។
-កិច្ចសហប្រតិបត្តិការនយោបាយ
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារួមក្នុងការជំរុញទំនាក់ទំនងដ៏កក់ក្ដៅដែលមានស្រាប់ ហើយបានសង្គត់ធ្ងន់អំពីសារសំខាន់នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀតទាត់ដែលជាកត្តាដ៏សំខាន់សម្រាប់ជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើន។ ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសសិង្ហបុរី នៅក្នុងខែមិថុនា ឆ្នាំ២០២៤ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង នៅកម្ពុជា នៅក្នុងខែ កក្កដា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។
-កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានបញ្ជាក់អំពីសារសំខាន់នៃការសម្របសម្រួល រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិង្ហបុរី ដែលបន្តគាំទ្រការកសាង សមត្ថភាពកងយោធពលខេមរភូមិន្ទ។
-កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច
ភាគីទាំងពីរបានទទួលស្គាល់ថា មានសក្តានុពលជាច្រើនសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យសន្តិសុខស្បៀង និងសន្តិសុខថាមពល។ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់អំពីសារសំខាន់នៃការទាញយកផលប្រយោជន៍ពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមករវាង ប្រទេសទាំងពីរ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងវិបុលភាពរួមហើយរង់ចាំការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងក្នុងពេលឆាប់ៗខាងមុខ ។
-ការកសាងសមត្ថភាព និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន
ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសិង្ហបុរី ដែលបន្តគាំទ្រ កិច្ចការដ៏មានសារសំខាន់នេះ ក៏ដូចជាការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅតាមផ្ទះក្នុង ប្រទេសសិង្ហបុរី។ ឯកឧត្តមក៏បានអរគុណសិង្ហបុរីចំពោះការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារ ការងារមិនមែនប្រពៃណី (NTS) សម្រាប់ការទទួលយកពលករបរទេសទៅធ្វើការ។
ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន ធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពីស្ថានភាពពលរដ្ឋភៀសសឹក ដែលនៅតែមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។ រដ្ឋមន្ត្រីទាំងពីរក៏បានបញ្ជាក់អំពី ការប្តេជ្ញារួម ក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡា គ្រឹស្សណាន់ ព្រមទាំងក្រុមការងារ ដែលបានរៀបចំទទួលដ៏ល្អឥតខ្ចោះ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅជូនគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ ហើយឯកឧត្តម រង់ចាំឱកាសស្វាគមន៍ ឯកឧត្តមបណ្ឌិត វីវៀន វីវៀន បាឡាគ្រឹស្សណាន់ និងភរិយា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលវេលាសមស្រប៕


-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ