ព័ត៌មាន
កម្លាំងពលកម្មក្នុងវិស័យអាទិភាពចំនួន៣ នឹងមានតម្រូវការខ្ពស់ ដើម្បីអភិវឌ្ឍជំនាញផ្នែកម៉ាស៊ីនស្វ័យប្រវត្តិកម្ម
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program-SFESDP) បានដឹកនាំកិច្ចប្រជុំគណៈកម្មការ លើកទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង។
នៅក្នុងកិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមពីសមាជិក តំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក និងវាយតម្លៃពីដំណើរការអនុវត្ត ក៏ដូចជា ការផ្តល់យោបល់បន្ថែម ឱ្យស្របតាមសូចនាករទិសដៅអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាកម្លាំងពលកម្មជំនាញក្នុងវិស័យអាទិភាពចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នៅគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៨។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថែ្លងអំណរគុណចំពោះកិច្ចខិតខំអនុវត្តការងាររបស់សមាជិកគណៈកម្មការ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដ៏ល្អប្រសើរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ជំនាញទាំងនេះ ក៏នឹងជួយទៅដល់ការអភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាខឿនឧហ្សាហកម្មផងដែរ។ តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់យុវជន និងកម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង៨ ឱ្យព្យាយាមអស់លទ្ធភាពស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។ កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាលនៅកន្លែងការងារនេះ នឹងជួយផ្តល់ឱកាសដ៏មានតម្លៃដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ។ លើសពីនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយពីគម្រោងបន្ថែមទៀត ជាពិសេស គឺដើម្បីទាក់ទាញសិស្សនារីឱ្យចុះឈ្មោះចូលរៀន។
ក្រសួងការងារ បានបញ្ជាក់ថា គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីចុង ឆ្នាំ២០២៣ រហូតដល់ចុង ឆ្នាំ២០៣០ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ