Connect with us

ព័ត៌មាន

តំណាងក្រុមហ៊ុនអូទ្រីសចំនួន១៩ ចាប់អារម្មណ៍អំពីបរិយាកាសវិនិយោគនៅកម្ពុជា

តំណាងក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ ក្នុង​បរិបទ​ទីផ្សារ​នៅ​កម្ពុជា និងបង្ហាញ ចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកឱកាសវិនិយោគ និង​កសាង​ភាព​ជាដៃគូ​យូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដោយមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹក នាំដោយលោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង​ស្មារ​តី​ពង្រឹង និង ពង្រីកវិសាលភាពវិនិយោគទ្វេភាគី។

វេទិកាធុរកិច្ចនានេះជាផ្នែកមួយដ៏សំខាន់ នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានពីមុនមក របស់​គណៈប្រតិភូក្រុមហ៊ុន អូទ្រីស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើងឱ្យ​មានលក្ខណៈយុទ្ធសាស្ត្រមួយដែលអនុញ្ញាត ឱ្យវិនិយោគិន អូទ្រីស មានឱកាស​ទទួល​បាន​នូវ​ការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការ​ផ្លាស់​ប្តូរ​យោបល់​ កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថា វា​នឹង​ក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ ទំនងធុរកិច្ចថ្មីៗនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីបច្ច័យវិជ្ជមានរបស់កម្ពុជា ដែល​ជា​គោល​ដៅ​វិនិយោគមួយ ក្នុង ចំណោមគោលដៅដែលមានថាមវន្ត និងចក្ខុវិស័យ​វែង​ឆ្ងាយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុងនោះច្បាប់វិនិយោគរបស់កម្ពុជាគឺមាន អំណោយផលខ្ពស់, តាមរយៈ​ការ​យក​ចិត្ត​ទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំង​ពលកម្ម​វ័យ​ក្មេង​, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុ​តរបស់រាជរដ្ឋាភិបាល ចំពោះ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលជាកត្តាសំខាន់ ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ ទាញ សម្រាប់​ការ​ស្វែង​រក​ឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។

វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថា នឹងក្លាយជាបោះជំហានដ៏សំខាន់មួយ ក្នុង​ការ​ផ្លាស់​ប្តូរ​ពី​ការ​ពិភាក្សា​ ទៅជាការបង្កើតនូវទំនាក់ទំនង ធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។ តាម​រយៈ​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរ​មាន​ទំនុក​ចិត្ត​ថា ​នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹង​រួម​ចំណែក​យ៉ាង​សំខាន់ ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកប​ដោយបរិយាបន្ន និងចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia