Connect with us

ព័ត៌មាន

ក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី​៣២៤

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី​ក្រសួង​ធម្មការ ​និង​សាសនា បានអញ្ជើញបើកកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម​លើក​ទី​៣២៤​ ស្មើនឹង ១០៩៧មាតិកាព្រះធម៌ នៅទីស្តីក្រសួង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦​នេះ​។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា ការ​សម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុង​នោះ​រួម​មាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម, ២-បង្ការការរីករាលដាលមេរោគអេដស៍ និង​ជំងឺ​អេដស៍​, ​៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង ពីការជួញដូរមនុស្ស, ៤-ចៀស​ផុត​ពី​អំ​ពើ​ហឹង្សា​ក្នុង​គ្រួសារ និងក្នុងសង្គម, ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍, ៦-ទីក្រុងស្អាត រមណីយ​ដ្ឋាន​ស្អាត​ សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, ៧-រួមចំណែករក្សា ភូមិ-ឃុំ-មានសុវត្ថិភាព, ៨-អក្ខរកម្ម​ឆ្ពោះ​ទៅ​រកការសិក្សាពេញមួយជីវិត, ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន និង១០-ជួយ​ផ្សព្វ​ផ្សាយ​ពី​ហានិភ័យ ​ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាពខ្លាំងណាស់។

ឯកឧត្តម ហាក់ ប៊ុនធឿន បានសង្កត់ធ្ងន់ថា កម្មពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម​ ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់​តាំង​ពី​ការ​បង្កើត​កម្ម​វិធីផ្សព្វផ្សាយនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមនេះមក។ កម្មវិធីនេះ​ទទួល​បាន​ការ​អបអរ​សាទរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាមានការចូលរួម និងអបអរ​សាទរ​របស់​ប្រជា​ពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅ​ទូទាំង​ប្រទេស​យ៉ាង​អធិក​អធម​។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹក​នាំ​ចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្ត និងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា សហការ​ជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននិងកំពុង​បន្ត​រៀប​ចំ​ដឹក​នាំ​ផ្សព្វ​ផ្សាយ ​ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធា​ជ្រះ​ថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិត​ឱ្យ​ស្គាល់​នូវ​បុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។

សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣២៤ ស្មើនឹង១០៩៧ មាតិកា​ព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះបវរសត្ថា ហួរ សារិទ្ធិ, ព្រះមហាជយបណ្ឌិត លាង សុវណ្ណ, ព្រះមហាធម្មធរោ ឡុង ចក់ និងមាន​ការ​អញ្ជើញ​ចូល​រួម​ពីឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីល​វត្តី​ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia