ព័ត៌មាន
ក្រសួងការងារលើកទឹកចិត្តវិស័យឯកជនអូស្ត្រាលី ពិនិត្យលទ្ធភាពបន្ថែមលើកម្មវិធីសិក្សាភាសាទៅក្នុងគ្រឹះស្ថាន TVET
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តស្ថាប័នអប់រំប្រទេសអូស្ត្រាលី ឱ្យពិនិត្យលទ្ធភាពសហការជាមួយក្រសួង បញ្ជ្រាបកម្មវិធីសិក្សាភាសាអង់គ្លេសទៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) សាធារណៈ ដើម្បីលើកកម្ពស់វិស័យ ធីវ៉េត នៅកម្ពុជាកាន់តែមានគុណភាពបន្ថែមទៀត។
ក្រោយចប់ជំនួបការងារ រវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ជាមួយលោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី ធេនណាល អូហ្សេនណេស៊ី (Tennealle O’Shannessy) នាយិការប្រតិបត្តិនៃ IDP Education និងជាអ្នកធុរកិច្ចឆ្នើមអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីផ្លាស់ប្តូរមតិយោបល់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលីក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ (TVET) ការបណ្តុះបណ្តាលភាសាអង់គ្លេស និងការជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ កាលពីរសៀលថ្ងៃទី១៧ មីនា ឆ្នាំ២០២៦កន្លងទៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ដោយលើកទឹកចិត្តឱ្យស្ថាប័ន IDP Education ពិសេសតាមរយៈសាលា ACE ពិនិត្យលទ្ធភាពសហការជាមួយក្រសួង ដើម្បីបញ្ជ្រាបកម្មវិធីសិក្សាភាសាអង់គ្លេសទៅក្នុងគ្រឹះស្ថាន TVET សាធារណៈ។ តាមរយៈកិច្ចសហការនេះ សាលា ACE អាចប្រើប្រាស់ទីតាំងរបស់រដ្ឋ ដើម្បីផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសប្រកបដោយគុណភាព ក្នុងតម្លៃមួយដ៏សមរម្យ ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងដល់យុវជន និងសិស្សានុសិស្សផ្នែកបច្ចេកទេសបន្ថែមទៀតផងដែរ។
ឯកឧត្តម ក៏បានស្នើឱ្យស្ថាប័ន IDP ជួយសម្របសម្រួល និងបើកផ្លូវបន្ថែមទៀត ក្នុងការបញ្ជូនសិក្ខាកាម ឬបុគ្គលិកក្រុមហ៊ុនកម្ពុជា ទៅសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេលខ្លីនៅប្រទេសអូស្ត្រាលី ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជាឱ្យស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តម បានចែករំលែកបន្ថែមអំពីចក្ខុវិស័យរបស់ក្រសួង ក្នុងការរៀបចំដាក់ឱ្យអនុវត្តនូវ «ប្រព័ន្ធកម្មសិក្សាការងារ (Apprenticeship)» តាមគំរូនៃប្រព័ន្ធ TAFE របស់ប្រទេសអូស្ត្រាលី ដែលជាទម្រង់ “រៀនផង ធ្វើការផង” ( Earn and Learn) ដោយធានាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍របស់សិក្ខាកាមយ៉ាងពេញលេញ។
ជាការឆ្លើយតប លោកស្រី ធេនណាល អូហ្សេនណេស៊ី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងបានសន្យាថានឹងចាត់ឱ្យក្រុមការងារបច្ចេកទេសនៃសាលា ACE ជួបពិភាក្សាលម្អិតបន្ថែមលើកិច្ចការងារនេះ។ លោកស្រីបានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា ពិសេសនវានុវត្តន៍ឌីជីថលនៅ អេស ខេមបូឌា ដែលទើបសម្ពោធកាលពីថ្ងៃទី១៦ ខែមីនានេះ ដោយលោកស្រីបានចាត់ទុកថាជាគំរូដ៏ល្អមួយសូម្បីតែសម្រាប់ស្ថាប័ននៅប្រទេសអូស្ត្រាលី។
ក្រៅពីវិស័យអប់រំ ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តឱ្យលោកស្រីក្នុងនាមជាតំណាងធុរកិច្ចអូស្ត្រាលី ជួយជំរុញភាពសកម្មរបស់សភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីធ្វើជាស្ពានផ្សារភ្ជាប់ និងទាក់ទាញវិនិយោគិនអូស្ត្រាលី ព្រមទាំងសហគមន៍ខ្មែរ-អូស្ត្រាលី ឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ