ព័ត៌មាន
ចាប់ពីឆ្នាំ២០២៥មកដល់ពាក់កណ្ដាលខែមីនានេះខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគក្រោម៥លានដុល្លារចំនួន ១៤៧ គម្រោង
កំពង់ស្ពឺ៖ ចាប់ពីឆ្នាំ២០២៥មកដល់ពាក់កណ្ដាលខែមីនានេះខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគក្រោម៥លានដុល្លារចំនួន ១៤៧ គម្រោង ស្រូបទាញកម្លាំងពលកម្មជាង ៣១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត កំពង់ស្ពឺ ក្នុងឱកាសចូលរួមការដាក់សម្ពោធជាផ្លូវការរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់អ៊ែដ្យាយល៍ ស្វេតថឺ(ខេមបូឌា) Agile Sweater(Cambodia) នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦នេះ។
លោក តូច ប៉ូលីវ៉ា បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ ស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ច រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រមទាំងគួបផ្សំនឹងកត្តាភូមិសាស្រ្ដអំណោផល ខេត្តមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រលាក់ក្រឡាគ្នារួមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន ផ្លូវជាតិលេខ៤១ ផ្លូវ៤៤ ផ្លូវជាតិលេខ៥ និងផ្លូវជាច្រើនផ្សេងទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធានាដល់វិនិយោគិននានាឱ្យចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តមានការកើនឡើងជាបន្តបន្ទាប់។
លោកថ្លែងថា៖«ជាក់ស្ដែងក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ១២៦ គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) មានចំនួន ១៣០ គម្រោង។ ដោយឡែកគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺក៏ទទួលបានគម្រោងវិនិយោគក្រោម ៥ លានដុល្លារចំនួន ២១ គម្រោងបន្ថែមទៀតផងដែរ»។
បើតាមលោកអភិបាលរងខេត្ត បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរកន្លែង សួនឧស្សាហកម្មចំនួន ៩ កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ១៥៩៩ កន្លែង ដែលស្រូបយកកម្លាំងពលករសរុបចំនួន ៣១៥៧៧៨ នាក់ ក្នុងនោះ ក្រុងច្បារមនមានរោងចក្រសរុប ៤០១កន្លែង កម្មករនិយោជិកសរុបជាង ៣ម៉ឺននាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងមកពីក្រៅប្រទេស ដែលបានផ្តល់ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាពិសេសបានជ្រើសរើសយកខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងសាងសង់រោងចក្រ សហគ្រាស ដើម្បីផលិតនិងនាំចេញ ដែលផ្តល់ទាំងឱកាសការងារ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យអ្នកខេត្តកំពង់ស្ពឺ កាន់តែមានជីវភាពល្អប្រសើរឡើង។
ដូចគ្នាទៅនឹងការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី សម្រាប់កម្មការិនី ដែលបានបំពេញការងារនៅរោងចក្រមួយនេះ រយៈពេលជាច្រើនឆ្នាំមកហើយ លើកឡើងដោយស្នាមញញឹមថា ជីវភាពរបស់ពួកគាត់ពិតជាមានប្រសើរ។ ពួកគាត់លើកឡើងថា រោងចក្រនៅជិតផ្ទះ ងាយស្រួលធ្វើដំណើរទៅមក លក្ខណ្ឌការងារនៅក្នុងរោងចក្រក៏ល្អ ថៅកែក៏មានការចិត្តទុកដាក់ខ្ពស់ និងថវិកាទទួលបានប្រចាំខែក៏បានខ្ពស់ ទៅតាមចំនួនដែលខ្លួនផលិតបាន។
សម្រាប់តំណាងរោងចក្រ ក្នុងកម្មវិធីសម្ពោធអាគាររោងចក្រថ្មីរបស់ខ្លួន ក៏បានថ្លែងអំណរគុណ ដល់កម្មករ កម្មការិនី ដែលបានរួមចំណែកបំពេញការងារជាច្រើន សម្រាប់ការពង្រីកការវិនិយោគរបស់រោងចក្រជាបន្តបន្ទាប់។ រោងចក្រនឹងបន្តពង្រីកចង្វាក់ផលិតកម្ម និងធ្វើជាគំរូសម្រាប់ទាក់ទាញវិនិយោគពីបរទេសបន្ថែមមកចូលកម្ពុជា៕
អត្ថបទ៖គឹមហុក















-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល