Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តកំពតត្រៀមរៀបចំវិថីអាហារ បង្ហាញមុខម្ហូបនំចំណីខ្មែរជាង៦០មុខ នាឱកាសបុណ្យចូលឆ្នាំថ្មី

អាជ្ញាធរខេត្តកំពត ត្រៀមរៀបចំវិថីអាហារ និងបង្ហាញមុខម្ហូបនំចំណីខ្មែរជាង៦០មុខ ដើម្បីឱ្យទេសចរជាតិ និងអន្តរជាតិភ្លក់រសជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មី នៅខែក្រោយនេះ។

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា វិថីអាហារខេត្តកំពតដែលនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តម្រូវឱ្យមានម្ហូបអាហា នំចំណីប្រពៃណីខ្មែរ ច្រើនជាង៦០មុខ សម្រាប់បង្ហាញ ក៏ដូចជាលក់ជូនភ្ញៀជាតិ អន្តរជាតិ បានទទួលទាន និងបានស្គាល់នូវកេរដំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិកើតចេញពីស្នាដៃអ្នកកំពត។ ខណៈដែលមន្ត្រីជំនាញបញ្ជាក់ថា ផ្សារវិថីអាហារនេះនឹងធ្វើឱ្យកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ម្ហូបអាហារដ៏ទាក់ទាញនៅពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំត្រៀមបើកដំណើរការផ្សារវិថីអាហារក្រុងកំពត កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ក្នុងបំណងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តនឹងចាប់បើកដំណើរការផ្សារវិថីអាហារក្រុងកំពតដោយអនុញ្ញាតឲ្យអាជីវករចូលលក់ដូរជាផ្លូវការនៅពេលឆាប់ៗខាងមុខ ស្រពេលដែលការសាងសង់ស្ទើរសម្រេចរួចរាល់ទាំងស្រុងហើយនោះ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងចំណោមមុខម្ហូបទាំងនោះក៏ត្រូវដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈជាកេរដំណែលសម្បត្តិវប្បធម៌ប្រពៃណីជាតិ ពិសេសម្ហូបចំណីជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលជាប់ប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទិនជាមួយការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបង្ហាញភ្ញៀវទេសចរឲ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតផ្សារវិថីអាហារមិនត្រឹមតែជាកន្លែងកម្សាន្តបន្ថែមថ្មីក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារទំនៀមទម្លាប់ប្រពៃណីជាតិ អមដោយការការរៀបចំឲ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តក្នុងក្រុងកំពតនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់ មរតកម្ហូបអាហារពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ដែរថា វិថីអាហារខេត្តកំពត មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហានំចំណីប៉ុណ្ណោះទេ តែជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ដែលបានបង្ហាញនូវគុណតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរ តាមរយៈរចនាបថអគារ និងសម្លៀកបំពាក់ ម្ហូបអាហារនំចំណីនៅក្នុងផ្សារនេះ។ អាគាររចនាបថខ្មែរនៅចំកណ្តាល អគារបេតិកភណ្ឌរាប់រយខ្នងដែលបន្សល់ពីសម័យបារាំង នឹងធ្វើឲ្យក្រុងកំពតក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏ឆ្ងាញ់ពិសា បដិសណ្ឋារកិច្ចល្អ និងទាក់ទាញបំផុតមួយ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ សារឹម

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia