ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តនិញប៊ិញ
ខេត្តនិញប៊ិញ ៖ ព្រឹកថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ មានជំនួបរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ នៅទីស្នាក់ការបក្សខេត្តនិញប៊ិញ។
ក្នុងពិធីនោះ ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) បានចែករំលែកអំពីដំណើរការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលខេត្តនិញប៊ិញ ក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តនិញប៊ិញថ្មី ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃខេត្ត ហាណាម និញប៊ិញ និងណាមឌិញ។ ខេត្តនេះ មានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងបណ្ដោយសេដ្ឋកិច្ចភាគខាងជើង–ត្បូង មានធនធានធម្មជាតិអំណោយផល និងមានតំបន់ទេសភាពស្រស់ស្អាតជាច្រើន ដែលអាចអភិវឌ្ឍបានយ៉ាងចម្រុះ និងប្រកបដោយចីរភាព។
ឯកឧត្តម បានបញ្ជាក់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ ក្នុងអំឡុងពេលប្រយុទ្ធដើម្បីឯករាជ្យ និងអភិវឌ្ឍប្រទេស ប្រជាជនទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់។ ទំនាក់ទំនងមិត្តភាពប្រពៃណីនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានបន្តរក្សា និងអភិវឌ្ឍដោយមនុស្សជំនាន់ជាច្រើន។
ឯកឧត្តមបានបន្ថែមថា អាជ្ញាធរ និងប្រជាជនខេត្តនិញប៊ិញ តែងតែគោរព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយមានបំណងចូលរួមបន្ថែម ក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពឲ្យកាន់តែជ្រាលជ្រៅ និងមានប្រសិទ្ធភាព។
ជាការឆ្លើយតបសម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តនិញប៊ិញ និងបានអបអរសាទរចំពោះការអភិវឌ្ឍរបស់ខេត្តក្នុងរយៈពេលកន្លងមក។ សម្តេចបានចាត់ទុកបទពិសោធន៍នេះ ជាមេរៀនសំខាន់សម្រាប់កម្ពុជា ក្នុងការកែទម្រង់រដ្ឋបាល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាធិការ តូ ឡឹម ។ សម្តេចក៏បានបញ្ជាក់ថា អង្គការរណសិរ្សរបស់ប្រទេសទាំងពីរ នឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសយុវជន យល់ដឹងអំពីសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព ប្រកបដោយចីរភាព រវាងកម្ពុជា និងវៀតណាម។








-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល