Connect with us

ព័ត៌មាន

ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង​ហើយ​មាន​សភាព​ធ្ងន់ធ្ងរ

ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយ​មាន​សភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការ​ខូច​ខាត​ចំពោះ​តម្លៃ​លេច​ធ្លោ​ជា​សកល។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈក​ម្មាធិការ​សម្រប​សម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បាន​រៀប​ចំ​កិច្ច​ប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជា​ប្រធាន​គណៈ​ប្រតិ​ភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយមានតំណាងមកពីចិន និងឥណ្ឌា ជាសហប្រធាន។

ឯកឧត្តម​បាន​ឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន៖​បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក រួមទាំងប្រធានលេខាធិការដ្ឋាន អ្នក​ជំនាញ​ការ​អាដហុក ស្ថាប័នជាតិនិងអន្តរជាតិ និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស ចូលរួម​ដោយ​ផ្ទាល់ ​និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ១៥៨រូប។ កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​តាម​ដាន​និង​ត្រួត​ពិនិត្យ​ការងារ​អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែល​អនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។

ឯកឧត្តម​អ្នក​នាំពាក្យឱ្យដឹងថាអង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ និង​ផល​ប៉ះ​ពាល់​លើ​សហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមក​ពី​ព្រឹត្តិការណ៍​ទាំង​ពី​រ​លើក​កាល​ពី​ឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារ​ក៏​បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ហានិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការ​ខូច​ខាត​បន្ត​ទៀត​ដល់​វត្ថុ​សិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ផ្អែក​តាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយ​មាន​សភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការ​ខូច​ខាត​ចំពោះត​ម្លៃ​លេច​ធ្លោ​ជា​សកល។

បើតាម​អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការ ICC-ព្រះវិហារ ក៏បានបំពេញទស្សនកិច្ច និងពិភាក្សាការងារ​អភិរ​ក្ស​និង​ជួស​ជុល​ប្រាសាទ​នៅ​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែ​មីនា ឆ្នាំ២០២៦ ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ និង​ផល​ប៉ះ​ពាល់​លើ​វិស័យ​ទេសចរណ៍និងសហគមន៍ ដើម្បីរៀបចំរបាយការណ៍ និងអនុសាសន៍ សម្រាប់កិច្ចប្រជុំ ICC-ព្រះវិហារ។

ជាមួយគ្នានេះដែរ អង្គប្រជុំក៏បាន​ជូន​ដំណឹង​អំពី​បេសក​កម្ម​ប្រឹក្សា​យោបល់​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទី១ ក្នុងខែមីនា តាម​ការ​អញ្ជើញ​របស់​កម្ពុជា​ស្របតា​ម​គោលការណ៍​ប្រតិបត្តិ​សម្រាប់​ការ​អនុវត្ត​អនុ​សញ្ញា​បេតិក​ភណ្ឌ​ពិភព​លោក។ គោល​បំណង​នៃ​បេសក​កម្ម​នេះ​គឺ​ដើម្បី​វាយ​តម្លៃ​ស្ថាន​ភាព​អភិរក្ស​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក និងផ្តល់យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពេលវែង ស្រប​តាមគោលបំណងរបស់អនុសញ្ញាបេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។ របាយ​ការណ៍នៃ​បេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសក​កម្ម​ផ្តល់​យោបល់​បច្ចេក​ទេស​ដែល​ធ្លាប់​បានអនុវត្តកន្លងមក។

អ្នកនាំពាក្យបញ្ជាក់ថា៖«សហប្រធានចិននិងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួម​ជា​មួយ​អ្នក​​ជំនាញការអន្តរជាតិ បានប្តេជ្ញាបន្ត​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ការពារ​ និង​ថែ​រក្សា​បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជា​ពិសេស​សហប្រធាន​ទាំង​ពីរ​បាន​បង្ហាញ​អំពី​ជំហរ​បន្ត​កិច្ច​ការ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​តាម​រយៈ​វេទិកា​ពិគ្រោះយោ​បល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ»។

បើតាមអ្នកនាំពាក្យ អង្គប្រជុំក៏បានពិភាក្សា​គ្នាអំពីវិធាន​ការ​បន្ទាន់​នានា​ដើម្បី​អភិរក្ស​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ​មានដូចជា៖ អនុវត្តការងារបន្ទាន់មួយ​ចំនួន​ដូច​ជា​ការ​បោស​សម្អាត​អាវុធ​យុទ្ធភណ្ឌមិ​ន​ទាន់ផ្ទុះដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ, ការ​រៀប​ចំ​ឯក​សារ​វិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល និងការរៀបចំ​ឯកសារ​អំពី​វត្ថុ​សិល្បៈ​ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។

សូម​រម្លឹកជូនថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ស្ថានភាព​ខូចខាត​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងនោះមាន​ទាំង​ការ​ខូច​ខាត​ប្រាង្គ​ប្រាសាទ និងតំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគីរីស្វារៈផងដែរ។ ក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ​បាន​អំពាវនាវដល់អង្គការ និងសហគមន៍​អន្តរជាតិ​ផ្តល់​ការ​គាំទ្រ​ចំពោះ​វិធាន​ការ​បន្ទាន់​នានា​សំដៅ​ការពារប្រាសាទពីការវាយប្រហារបន្ថែម និងគាំទ្រដល់ការអភិរក្សបន្ត និងជួស​ជុល​ស្តារ​ប្រាសាទឡើងវិញ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ អនុសញ្ញា និងពិធីសារក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបាន​បង្កើត​ឡើង​សម្រាប់​ចង​ភ្ជាប់​រដ្ឋភាគីទាំងអស់ឱ្យគោរពនិងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសាកល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia