ព័ត៌មាន
ក្រសួងទេសចរណ៍ និងសុខាភិបាលសហការរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចតំបន់អង្គរក្នុងយុទ្ធនាការរៃអង្គាសថវិកា «Walk for a Smile» បង្ហាញអំពីទឹកចិត្តសប្បុរសធម៌ខ្មែរជួយខ្មែរ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ «Walk for a Smile» ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់ក្រសួងទេសចរណ៍ និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំឡើងនៅលើទឹកដីដ៏ពិសិដ្ឋ និងជាតំបន់វប្បធម៌បេតិកភណ្ឌនៃខេត្តសៀមរាប ស្របពេលដែលថ្ងៃនេះក៏ជាថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីអង្គរ។

ក្នុងកម្មវិធីមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីលោក ចាន់ កុក ចយ នាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា (smile Cambodia), ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល, ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអង្គការស្នាមញញឹមកម្ពុជា, ក្រុមគ្រូពេទ្យស័្មគ្រចិត្ត, តំណាងអាជ្ញាធរជាតិអប្សរា, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, CATA, ធនាគារ, ក្រុមហ៊ុន- ដៃគូឧបត្ថម្ភ និងវិស័យឯកជន សរុបប្រមាណ ៣០០នាក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា ព្រមទាំងការជួយជ្រោមជ្រែងសព្វគ្រប់បែបយ៉ាងពីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) បានបំពេញបេសកកម្មផ្ដល់សេវាវះកាត់ ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប រលាក ព្យាបាលមាត់ធ្មេញ និងពិការមុខមាត់ នៅទូទាំងប្រទេស។ សូមបញ្ជាក់ជូនថា អង្គការស្នាមញញឹមកម្ពុជា (smile Cambodia) ក៏បានអញ្ជើញក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្តពីសាធារណរដ្ឋប្រជាមានិតចិន មកពីអង្គការចំនួន ២ គឺ Future Smile China និងBEAM Hong Kong ដើម្បីចូលរួមកម្មវិធីខាងលើនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពដែលផ្សារភ្ជាប់ ទេសចរណ៍ សុខភាព និងមនុស្សធម៌ ដែលព្រឹត្តិការណ៍ដើរនៅថ្ងៃនេះ បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណដ៏អស្ចារ្យ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជា “ព្រះរាជាណាចក្រ អច្ឆរិយៈដែលផ្តល់នូវភាពកក់ក្តៅ” តាមរយៈបេះដូងសប្បុរសធម៌របស់ប្រជាជនយើង ជាមួយនឹងស្នាមញញឹម ដែលត្រូវបានពិភពលោក ប្រសិទ្ធនាមថា «ស្នាមញញឹមកម្ពុជា»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សកម្មភាពនៅថ្ងៃនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកថា យើងគឺជាប្រជាជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក។

តាមកម្មវិធីដែលបានគ្រោងទុក «Walk for a Smile» គណៈប្រតិភូក៏បានចូលរួមទស្សនាប្រាសាទនានានៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍ សមរាត្រីអង្គរ (Angkor Equinox) ដែលជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តចំនួន២ដងជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា, និងរដូវវស្សា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ពោលគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនានិងផ្តិតយករូបភាពនៃបាតុភូតពិសេសនេះ នៅប្រាសាទអង្គរវត្ត ជារៀងរាល់ឆ្នាំ៕








-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ