ព័ត៌មាន
អ្នកនាំពាក្យ៖ មិនថានៅទីណាឬពេលណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុត ខណៈប្រធានបទស្តីពី «ការវិវត្តន៍ថ្មីៗនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ» បានក្លាយជារបៀបវារៈដ៏សំខាន់និងចាំបាច់មួយរបស់ថ្នាក់ដឹកនាំកម្ពុជាសម្រាប់កិច្ចពិភាក្សានានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើតនៃក្រសួងការបរទេសឥណ្ឌា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះ ក្រៅពីកិច្ចពិភាក្សាអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមិត្តភាពដ៏យូរអង្វែងនិងយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងឥណ្ឌា និងការរិះរកមធ្យោបាយនានាពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀតក្នុងវិស័យនានា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនក៏បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនដៃគូសន្ទនាផងដែរ។
អ្នកនាំពាក្យបន្តថា ក្រៅពីនេះ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងការបរទេស និងក្រសួងស្ថាប័ននានាក៏បានទទួលជួបជាមួយដៃគូបរទេសជាច្រើនដែលក្នុងជំនួបទាំងនោះ ស្ថានការវិវត្តន៍នៅតាមព្រំដែនកម្ពុជាថៃគឺជារបៀបវារៈដ៏សំខាន់មួយ។ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលក៏បាននិងកំពុងធ្វើការងារយ៉ាងសកម្មតាមវិស័យរបស់ខ្លួនដោយមិនភ្លេចបញ្ហាព្រំដែន និងជនភៀសសឹក។

ជាក់ស្តែង តាមរយៈក្រសួងអប់រំ យុវជននិងកីឡា លោក Ian Hoskins នាយកនៃនាយកដ្ឋានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអន្តរជាតិសំរាប់តំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងនៃស្នាក់ការកណ្ដាលសហភាពអឺរ៉ុប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ថ្នាក់រៀនក្នុងមណ្ឌលភៀសសឹក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែងនានា ក្រោមការគាំទ្រពីសហភាពអឺរ៉ុប ដើម្បីស្តារលទ្ធភាពទទួលបានការអប់រំឡើងវិញ សម្រាប់អ្នកដែលបានបាត់បង់ឱកាស។
សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាថា កុមារគ្រប់រូបនៅកម្ពុជា ទទួលបានការអប់រំប្រកបដោយគុណភាព ទោះបីស្ថិតក្នុងកាលៈទេសៈមិនច្បាស់លាស់ នៃជម្លោះឬការផ្លាស់ទីលំនៅក៏ដោយ។ សហភាពអឺរ៉ុបនៅទីនេះជាមួយអ្នកដើម្បីជួយកសាងប្រព័ន្ធអប់រំមួយ ដែលមានលក្ខណៈបរិយាបន្ន និងភាពធន់ជាងមុន។ នេះជាខ្លឹមសារដែលត្រូវបានបង្ហោះលើគេទំព័រផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។

កាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់ថា ការបង្កឧបសគ្គរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ គឺជាការប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស។
សូមរម្លឹកជូនថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ដោយក្នុងដំណើរទស្សនកិច្ចនោះ ស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជាថៃត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ដែលអនុញ្ញាតឱ្យបណ្តាដៃគូសន្ទនាបានយល់ច្បាស់ពីសភាពការណ៍ពិត ក៏ដូចជាជំហរសន្តិភាពនិយមដោយផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជាដែលស្របនឹងការចង់បានរបស់សហគមន៍អន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទាំងបីខាងលើរបស់ប្រមុខការទូតកម្ពុជា បានកើតឡើងបន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា សកម្មភាពទាំងការទូតសកម្មទាំងនេះ បានឆ្លុះបញ្ចាំងពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើសមរភូមិការទូតដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ «ការការពារបូរណភាពទឹកដី និងប្រជាជន» និងក៏បានបង្ហាញឱ្យឃើញថា សហគមន៍អន្តរជាតិបានទទួលព័ត៌មានច្បាស់លាស់ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើប្រទេសកម្ពុជា និងជនភៀសសឹកជាច្រើនម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការរារាំងពីកងកម្លាំងថៃ ក្នុងនោះក៏មានកុមារកម្ពុជាជាច្រើនមិនបានទៅសាលារៀនរបស់ពួកគេវិញនៅឡើយ៕


-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន2 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ GGAC កំពុងជួយយុវតីកម្ពុជាឲ្យកាន់តែរឹងមាំ និងទទួលបទសោធន៍ល្អៗ
-
ព័ត៌មាន4 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត