Connect with us

ព័ត៌មាន

ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រជុំពិនិត្យសេចក្ដីព្រាងលើបញ្ហាជនអនាថា និងការចំណាយក្នុងប្រព័ន្ធគាំពារសង្គម

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥។ កិច្ចប្រជុំផ្តោតលើ សេចក្ដីព្រាងសំខាន់ចំនួន ពីរ គឺ សេចក្តីព្រាង “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” និងសេចក្ដីព្រាង “អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម”។

សេចក្តីព្រាងគោលនយោបាយនេះ “គោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា” មានគោលបំណង៖ (១) ផ្តល់ដំណោះស្រាយជាយុទ្ធសាស្ត្រ និងមានលក្ខណៈជាប្រព័ន្ធ, (២) ជំរុញការគាំទ្រលើសុខុមាលភាពជនអនាថា ដោយធានាលទ្ធភាពទទួលបានសេវាសង្គមកិច្ចសំខាន់ៗ និងអត្ថប្រយោជន៍នានាពីប្រព័ន្ធគាំពារសង្គម, (៣) រៀបចំប្រព័ន្ធអភិបាលកិច្ចច្បាស់លាស់តាមរយៈការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង (៤) ពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីកាត់បន្ថយភាពអនាថា, លើកកម្ពស់ជីវភាព ស្តារនីតិសម្បទា, និងជំរុញការធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញតាមរយៈការបង្កើតយន្តការកំណត់អត្តសញ្ញាណច្បាស់លាស់។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចជាយុទ្ធសាស្ត្រសំខាន់ៗ និងបានផ្តល់មតិយោបល់កែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឱ្យសេចក្តីព្រាងគោលនយោបាយនេះ កាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅពេលខាងមុខ។ បន្ទាប់ពីទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់, គោលនយោបាយនេះ នឹងក្លាយជាក្របខណ្ឌរួម ដែលចង្អុលបង្ហាញនូវដំណោះស្រាយជាយុទ្ធសាស្ត្រ និងយន្តការនានា សម្រាប់តម្រង់ទិសដល់ភាគីពាក់ព័ន្ធគ្រប់កម្រិតលើការងារគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថាទូទាំងប្រទេស។សម្រាប់របៀបវារៈទី២ ដែលផ្តោតលើ“អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម”ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកំណត់អំពីវិធាន និងគោលការណ៍នៃការបញ្ជាក់ចំណាយ ដើម្បីធានាឱ្យបាននូវសុក្រឹតភាព, តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការទូទាត់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម។ សេចក្តីព្រាងអនុក្រឹត្យនេះ បានកំណត់នូវគោលការណ៍សំខាន់ៗមួយចំនួន ដែលជាក្របខណ្ឌរួមនៃការរៀបចំ ពោលគឺ៖ (១) ការកំណត់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយជាអង្គភាពតែមួយគត់ ដែលមានសមត្ថកិច្ចអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម, (២) ការប្រើប្រាស់ប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ជាអភិក្រមក្នុងការបញ្ជាក់ចំណាយ, (៣) ការដាក់ចេញជាក់លាក់នូវវិធានការ និងការហាមឃាត់ចំពោះការស្នើសុំទូទាត់ចំណាយរបស់ភាគីផ្តល់សេវា ដែលមិនស្របតាមគោលការណ៍ដែលបានដាក់ចេញ, និង (៤) ការបង្កើតយន្តការដោះស្រាយវិវាទបញ្ជាក់ចំណាយ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានឯកភាពជាគោលការណ៍លើ ខ្លឹមសារជារួមនៃសេចក្តីព្រាងអនុក្រឹត្យនេះ។ អង្គប្រជុំបានឯកភាពក្នុងការកែសម្រួលចំណុចមួយចំនួន ដើម្បីឱ្យការរៀបចំសេចក្តីព្រាង«អនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម» នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ មុននឹងគោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅពេលខាងមុខ។ អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia