ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំលឹកអាជ្ញាធរមូលដ្ឋានត្រូវខិតខំទប់ស្កាត់ល្បែងអនឡាញ និងបទល្មើសនានា
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវខិតខំទប់ស្កាត់នូវបទល្មើសល្បែងអនឡាញ (Scam Online) និងបទល្មើសនានា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងរស់នៅដោយភាពកក់ក្ដៅ ។ ការដាស់តឿននេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលា និងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ដើម្បីភាពសុខសាន្ត និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងតាក់តែងច្បាប់ គោលនយោបាយ និងផែនការផ្សេងៗ ក៏ដូចជាកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ។
ឯកឧត្តមបានបន្តថា ក្នុងនោះសមិទ្ធផលរូបវ័ន្តជាច្រើន ដែលកើតមានឡើងនៅក្នុងមូលដ្ឋានពីភូមិ រហូតដល់ស្រុក ខេត្ត និងក្នុងទីអារាមសាសនា បានបង្ហាញឱ្យឃើញពីសក្ខីភាព ដ៏ពិតប្រាកដមួយ ដែលកើតចេញកត្តាសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយហេដ្ឋារចនាសម្ព័ន្ធទាំងនោះ រួមមានផ្លូវថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងការរីកចម្រើន នៃរោងចក្រសហគ្រាសជាដើម ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ការអភិវឌ្ឍទាំងនេះ គឺបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលជាក់ស្តែងខេត្តកំពង់ស្ពឺ បច្ចុប្បន្នរោងចក្រ សហគ្រាសបានកើតឡើងបន្តបន្ទាប់ពីភូមិរហូតដល់ខេត្ត ដែលគិតមកទល់ថ្ងៃមានប្រមាណ ១៦០០រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីជាង ៣០ម៉ឺនកំពុងមានការងារធ្វើ ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ទម្ទឹងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងអស់នេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីធានាបានសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន បន្តការអប់រំ ផ្សព្វផ្សាយឱ្យស៊ីជម្រៅទូលំទូលាយអំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសគឺល្បែងឆបោកតាមប្រព័ន្ធអនឡាញ ដែលរាជរដ្ឋាភិបាល កំពុងមានវិធានការក្តៅ ក្នុងការបោសសំអាតឱ្យអស់ពីកម្ពុជា ។ មួយវិញទៀត ត្រូវពិនិត្យលទ្ធភាពក្នុងការជួយកែសម្រួលផ្លូវនៅតាមភូមិ ឃុំមួយចំនួនដែលរងការខូចខាត ឱ្យប្រជាពលរដ្ឋអាចចរាចរណ៍បានស្រួល ទោះបីមិនទាន់មានលទ្ធភាពកសាង ឬស្ថាបនាផ្លូវបេតុងជូនពួកគាត់ និងជម្រុញឱ្យទឹកស្អាត អគ្គិសនី បានតភ្ជាប់ទៅដល់គ្រប់ភូមិដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់ ៕ អត្ថបទ បាន សុខរិទ្ធិ








-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត