ព័ត៌មាន
ក្រសួងបរិស្ថានប្រកាសធ្វើការអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា
កោះស្រឡៅ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុង នឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា និងនៅក្នុងតំបន់។ គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបានប្រកាសដោយ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ ដោយផ្ទាល់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការរៀបចំជាកោះអព្យាក្រឹតកាបូនគឺផ្តោតលើយុទ្ធសាស្រ្តចម្បង៣គឺ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការចូលរួមអនុវត្តសកម្មភាព ពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ដើម្បីប្រែក្លាយកោះស្រឡៅដ៏ស្រស់ស្អាត និងមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅជា កោះអព្យាក្រឹតកាបូននាពេលខាងមុខ ក្រសួងបរិស្ថាននឹងរៀបចំផែនការសកម្មភាពសំខាន់ៗដូចជា៖ ១.ធ្វើការដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ៣.ការអភិវឌ្ឍន៍ដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពលពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ៥.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត និង៦.ការធ្វើកសិកម្មវ័យឆ្លាត។ល។
សូមបញ្ជាក់ថា ក្នុងពិធី «ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព» ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានប្រគល់ ជូនអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ រួមមាន៖ ១.អំពូលហូមសូឡា ចំនួន ៣២៨ឈុត (១គ្រួសារទទួលបានសូឡា១ឈុត) ២.ធុងសំរាម ចំនួន ៣០០ធុង ៣.ម៉ូតូដឹកសំរាម ចំនួន១គ្រឿង ដើម្បីបំពាក់ជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងជាប្រយោជន៍របស់សហគមន៍ នៅលើកោះស្រឡៅនេះ។ នាពេលខាងមុខក្រសួងបរិស្ថាន មានផែនការកសាងកន្លែងទុកដាក់សំរាម និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត និងអភិវឌ្ឍន៍ទូកប្រើដោយម៉ាស៊ីនមានមេត្រីបរិស្ថានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(ទេវតា)។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរ លោកជំទាវ ឈីវ រ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ប្រតិភូថ្នាក់ដឹកនាំមន្រ្តីរាជការ ក្រសួងបរិស្ថាន មន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូ វិស័យឯកជន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ បានចូលរួមដាំស្តារព្រៃកោងកាងរបស់សហគមន៍ ចំនួន៣០០០ដើម។
សូមបញ្ជាក់ថា ពិធី «ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អង្គការដៃគូ វិស័យឯកជន កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងការអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ បុណ្យកោងកាងសន្តិភាព បានរៀបចំក្នុងគោលបំណង អប់រំផ្សព្វផ្សាយបរិស្ថាន វប្បធម៌ សេដ្ឋកិច្ច និងការកម្សាន្ត ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ឱកាសដល់សាធារណជនទូទៅបានចូលរួម និងស្វែងយល់បន្ថែមពីការការពារ ការអភិរក្ស និងអត្ថប្រយោជន៍នៃព្រៃកោងកាងសម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងនិរន្តរភាពមនុស្សគ្រប់ជំនាន់។
-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ