Connect with us

ព័ត៌មាន

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថាន​ភាព​ព្រំដែន​នៅតំ​បន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៣នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយ​បទឈប់បាញ់ចូលជាធរមាន។នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំ​ពាក្យក្រសួងការពារជាតិ កម្ពុជា។

គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះ គឺជាបេសក​កម្ម​នៃ​ការ​ចុះ​សង្កេត​ការណ៍​ប្តូរ​វេន​រវាង​ប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ី ដែលនឹងត្រូវ​ផ្ទេរ​ជូន​ប្រទេស​ហ្វីលីពីន​ដឹក​នាំ​បន្ត ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះ​ត្រង់​ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និង​ខ្ជាប់​ខ្ជួន​បំផុត​នូវ​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បី​ឆ្ពោះ​ទៅ​ការ​ធ្វើ​ឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរ​អង្វែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia