ព័ត៌មាន
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានរដ្ឋសភាអនុម័ត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់និងសេចក្តីស្នើច្បាប់ទំាងពីរនេះ។
១) សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ២៤មាត្រា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូល ចំនួន ១១២ សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងអស់។
២) សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ដោយហេតុថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រកាសឱ្យប្រើប្រាស់ កាលពីឆ្នាំ២០០៥ បានកំណត់មណ្ឌលបោះឆ្នោតជាភូមិភាគ ដែលមានខេត្តច្រើនបញ្ចូលគ្នា មានវិសាលភាពដែនដីធំទូលាយ បង្កើតជាឧបសគ្គសម្រាប់ទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ពោលគឺ គណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា នៅមានកម្រិត។
ដោយមើលឃើញនូវបញ្ហាចំពោះមុខ និងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តមុខងារតំណាង បង្កើនគណនេយ្យភាព ព្រមទាំងបង្ខិតសមាជិកព្រឹទ្ធសភាឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះ ត្រូវធ្វើវិសោធនកម្មលើមាត្រា ដូចជា៖ មាត្រា ៨ ថ្មី មាត្រា ៩ មាត្រា ១០ មាត្រា ១៤ មាត្រា ១៧ មាត្រា ១៨ មាត្រា ២៣ និងមាត្រា ២៨ ដើម្បីធានាភាពសមស្រប គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តមុខងារតំណាងរបស់សមាជិកព្រឹទ្ធសភា។
អង្គសភាបានអនុម័តយល់ព្រមលើសេចក្ដីស្នើច្បាប់ទាំងមូល ចំនួន ១១២ សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងអស់។
ដោយសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ បានដំណើរការចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ពេលនេះ មានរយៈពេលជាងបីខែ ស្របតាមការកំណត់របស់ច្បាប់ហើយនោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ តទៅ ៕










-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB