Connect with us

ព័ត៌មាន

ស.ស.យ.ក វិស័យសង្គមកិច្ច និងមន្ត្រីចូលរួមសរសេរសារ និងផ្ដល់ជូនជាក្រមាជូនវីរកងទ័ពជួរមុខ

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច រួមទាំងមន្ត្រីនៃក្រសួង នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦នេះ បានចូលរួមសរសេរជាសារ ក៏ដូចជាបរិច្ចាគជាក្រមាជូនដល់វីរកងទ័ពជួរមុខ។ សកម្មភាពនេះ រៀបចំឡើងនៅ ទីតាំងក្រសួងសង្គមកិច្ច ដោយផ្ទាល់។

ជាការចូលរួមគាំទ្រដល់ កម្មវិធី ១ម៉ឺនក្រមា ១ម៉ឺនសារជូនវីរកងទ័ព ក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច ក៏ដូចជាមន្ត្រីនៃក្រសួងសង្គមកិច្ចផ្ទាល់ បានរួមគ្នាផ្តល់ជូនជាក្រមា ក៏ដូចជាសរសេរជាសារ បង្ហាញពីទឹកចិត្តដឹងគុណ ដល់វីរកងទ័ព។ ដឹងគុណ ដែលវីរកងទ័ព ហ៊ានលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនកន្លងមកនេះ។ ការរៀបចំរបស់ ស.ស.យ.ក វិស័យសង្គមកិច្ច នៅទីតាំងក្រសួងនឹងបន្តរហូតដល់ថ្ងៃទី ៣ ខែមេសា នោះក្រុមការងារនឹងយកទៅប្រគល់ជូន ទីតាំងធំដែលរៀបចំនៅសួនវត្តបទុមវតី។

ក្រុមការងារ ស.ស.យ.ក វិស័យសង្គមកិច្ច ក៏ដូចជាមន្ត្រី ដែលបានចូលរួមនៅថ្ងៃនេះ លើកឡើងថា ក្នុងនាមជាមន្ត្រីក្នុងនាមជាប្រជាពលរដ្ឋជួរក្រោយ ដែលទទួលបានការររស់នៅដោយសុខសាន្ត ពីការពលីរបស់វីរកងទ័ព គឺពិតជាដឹងគុណដល់គុណបំណាច់ធំធេង របស់វីរកងទ័ពគ្រប់រូប។ ក្នុងនាមជាជួរក្រោយ ពិតជាមានក្ដីនឹករលឹក ហើយសូមផ្ញើរក្ដីនឹករលឹកនេះ ក៏ដូចជាការដឹងគុណ តាមរយៈសារដែលខ្លួនបានសរសេរ។

ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា នាពេលបច្ចុប្បន្ន បានរៀបចំជាព្រឹត្តិការណ៍ ក៏ដូចជាសកម្មភាពមួយចំនួន ដែលផ្សារភ្ជាប់ ប្រជាពលរដ្ឋជួរក្រោយ ទៅនឹងវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាខេត្តជាប់បណ្ដោយព្រំដែន។

ជាក់ស្ដែងក្រុមការងារ កំពុងវេចខ្ចប់នំខ្ញី និងអំបុក ប្រមាណ ៣តោន សម្រាប់ប្រជាពលរដ្ឋភៀសសឹក។ ក្រុមការងារស.ស.យ.ក ក៏កំពុងរៀបចំកម្មវិធី ១ម៉ឺនក្រមា ១ម៉ឺនសារជូនពរវីរកងទ័ព។ លើសពីនេះ នៅកំឡុងចុងខែ មីនានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានដឹកនាំក្រុមការងារ ដោយនាំយកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋនៅតាមជំរុំភៀសសឹក។

នៅថ្ងៃព្រឹត្តិការណ៍នគរសង្ក្រាន្តខាងមុខ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានប្រកាសដែរថា ថវិកាដែល ស.ស.យ.ក ទទួលបានពីការលក់វត្ថុអនុស្សាវរីយ៍ គឺនឹងប្រគល់ជូនជួរមុខទាំងស្រុង។

អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia