Connect with us

ព័ត៌មាន

មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា និងអាមេរិក ជួបពិភាក្សា​បន្ថែម​អំពី​គម្រោង​ការ​ធ្វើ​សម​យុទ្ធ​ឆ្មាំ​អង្គរ​កម្ពុជា-អាមេរិក ដែល​គ្រោងធ្វើឡើងនាពេលខាងមុខ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោកកាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ជែល ខូលនីលា( GILES J.S. CORNELIA) មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំ​តំបន់ប៉ាស៊ីហ្វិក ដោយកិ​ច្ច​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​និយាយ​គ្នា​បន្ថែម​ទៀត​ទាក់​ទង​នឹង​គម្រោង​ធ្វើ​សមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក រួមគ្នា ដែលគ្រោងនឹង​ធ្វើ​ឡើង​លើ​ទឹក​ដី​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ។

បើតាមឆាណែលតេលេក្រាមរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យ​ដឹង​ថា​ជំនួប​ទ្វេភាគីខា​ងលើនេះ គឺមានគោលបំណងពង្រឹង និងពង្រីកទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត ហើយ​ភាគី​ទាំង​ពីរ​ក៏​បានពិភាក្សាផ្លាស់ប្តូរយោបល់លើទិសដៅសហប្រតិបត្តិការសំខាន់ៗ ដូចជា​ការ​រៀបចំ​យន្ត​ការ​កិច្ច​សន្ទនាក្រុមការងារកងទ័ពជើងគោក(Army Staff Talks) ដើម្បីជា​វេទិកា​ សម្រាប់​ការ​សម្រប​សម្រួល ​និងដឹកនាំសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំជាដើម។

នៅក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន និងលោកឧត្តមសេនីយ៍ជែល ខូលនីលា ក៏បានពិភាក្សាអំពីការរៀបចំសមយុទ្ធឆ្មាំអង្គរ (Angkor Sentinel) ដែលជា​សមយុទ្ធ​រួម​មាន​សារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរួម​រវាង​កង​ទ័ព​ជើង​គោក​ទាំង​ពីរ​ផង​ដែរ​។ សូមបញ្ជាក់ថា សមយុទ្ធឆ្មាំអង្គរកម្ពុជា-អាមេរិក (Angkor Sentinel) គឺជាសម​យុទ្ធ​ទ្វេភាគី​ប្រចាំ​ឆ្នាំរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពជើង​គោក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែលផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ផ្នែក​សុខាភិបាល និងសន្តិភាពជាដើម។ ភាគីទាំងពីរនឹងធ្វើសមយុទ្ធដែលមានឈ្មោះថា «ឆ្មាំអង្គរ» នេះឡើងវិញនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ បន្ទាប់ពី​បាន​អាក់​ខាន​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៧មកនោះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia