Connect with us

ព័ត៌មាន

អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ​ឈានចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច

លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​តំណាង​ជាន់​ខ្ពស់​សម្រាប់​ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេស​ដី​កោះ​កំពុង​អភិវឌ្ឍន៍តូចៗ បានមើលឃើញថា ប្រទេសកម្ពុជា កំពុងស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានបង្ហាញ​នូវ​ការ​គត់ស​ម្គាល់​ឃើញ​បែបនេះ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ច​ក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្ដិភាព​​​នា​ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនៃ​ជំនួប លោកជំទាវ Rabab Fatima បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​ក​ម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំត្រួត​ពិនិត្យ​ពាក់​កណ្ដាល​អាណត្តិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា (DPoA)»។ លោកជំទាវបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌ។ លោកជំទាវ អគ្គ​លេខាធិការរង បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ប្ដេជ្ញា​បន្ត​គាំទ្រ​កម្ពុ​ជា​ក្នុង​ដំណើរ​ការ​ចាក​ចេញ​ពីប្រទេសអភិវឌ្ឍតិចតួច ហើយអង្គការ​សហ​ប្រជាជាតិ​ក៏​បាន​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​ ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ លោកជំទាវអគ្គលេខាធិការរង ក៏បាន​គូស​បញ្ជាក់​ផង​ដែរថា កម្ពុជាបានសម្រេច​តាមលក្ខណៈ​វិនិច្ឆ័យរួច​រាល់​សម្រាប់​ការ​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍តិចតួច (LDC) តាមរយៈការវាយតម្លៃចំនួនពីរលើក កន្លងមក។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បី​ឈាន​ចាក​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច នៅឆ្នាំ២០២៩។

ជាការឆ្លើយតប សម្ដេចធិបតីថ្លែងអំណរគុណចំពោះវត្តមានរបស់លោកជំទាវ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិសម្រាប់ថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា DPoA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកដល់ការកសាង ស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ ការអភិវឌ្ឍមូលធនមនុស្ស ការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជន ជាដើម។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia