Connect with us

ព័ត៌មាន

កម្ពុជាបង្ហាញសក្តានុពលការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម ពង្រឹងទំនុកចិត្តដល់វិនិយោគិន

សន្និសីទស្តីពីការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម នឹងក្លាយជាកាតាលីករ ជួយបង្កើនភាពលេចធ្លោក្នុងតំបន់ អំពី វឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក Tassilo Bronzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហធិបតី ក្នុងសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម» ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. EuroCham និង គណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម។ សន្និសីទនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់សមភាគី ក្នុងតំបន់រួមមាន EuroCham ប្រចាំនៅប្រទេសវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសឡាវ, ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC), សមាជិកនៃគណៈកម្មាធិការដឹកជញ្ជូននិងភស្តុភារកម្ម និងសមាជិកនៃគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀត។

សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាយុទ្ធសាស្ត្រចំនួន៤រួមមាន៖ ១. បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបាន តាមរយៈការសម្របសម្រួលនៃឯកសារទស្សនាទាន គោលនយោបាយរបស់កំពង់ផែស្វយ័តក្រុងព្រះ សីហនុ។ ២. រំលេចនូវភាពជោគជ័យនៃគម្រូកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាភស្តុភារកម្មរបស់កម្ពុជា។ ៣. បង្ហាញជូនសមភាគីក្នុងតំបន់អំពីការធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ី ជម្រៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា និង ៤. ពង្រឹងភាពប្រកួតប្រជែង តាមរយៈការបង្កើនការយល់ដឹង និងភាពលេចធ្លោ របស់កម្ពុជាក្នុងនាមជា «មជ្ឈមណ្ឌលភស្តុភារកម្មនិងពាណិជ្ជកម្ម» ប្រកបដោយសក្តានុពលក្នុងតំបន់។

លើសពីគោលបំណងដូចដែលបានរៀបរាប់ខាងលើ សន្នីសីទបានដាក់ចេញនូវទិសដៅមួយចំនួនទៀតសម្រាប់កម្ពុជា សំដៅ ធ្វើឱ្យក្លាយទៅជាទីផ្សារដែលមានទស្សនវិស័យវែងឆ្ងាយ និងកំពុងធ្វើកំណែទម្រង់យ៉ាងសកម្ម ព្រមទាំងធ្វើទំនើបកម្មក្របខណ្ឌភស្តុភារ កម្មរបស់ខ្លួនផងដែរ។ ការដាក់ចេញនូវទិសដៅទាំងនោះធ្វើឡើងក្នុងគោលបំណង៖ (១) ផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជំរុញដោយកំណើននៃការនាំចេញ, (២) បង្ហាញពីកំណែ ទម្រង់ក្នុងវិស័យភស្តុភារកម្មបែបបញ្ជូនរហ័ស និងកិច្ចសម្រួលផ្នែកគយ, (៣) បង្ហាញពីឥទ្ធិពលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន, និង (៤) លើកទឹកចិត្តឱ្យមានការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឆ្លងដែន ជាមួយភាគី ពាក់ព័ន្ធក្នុងតំបន់។

ជាលទ្ធផលរំពឹងទុក តាមរយៈសន្និសីទនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើនភាពលេចធ្លោក្នុងតំបន់ អំពីវឌ្ឍនភាព នៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និង មានភាពធន់ក្នុងបរិបទសកលភាវូបនីយកម្ម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia