ព័ត៌មាន
កម្ពុជាអរគុណរដ្ឋាភិបាល និងប្រជាជនចិនគាំទ្រសកម្មភាពបោសម្អាតមីន ខណៈជំនួយមិត្តចិន៨ឆ្នាំមកនេះបានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានជិត ២ម៉ឺនហិកតា
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រទាំង សម្ភារៈបច្ចេកទេស និងថវិកាលើការពង្រីកវិសាលភាពប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ខណៈតាមរយៈជំនួយរបស់មិត្តចិនពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន ១៩.០០០ហិកតា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់
ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអាគ្គនាយក CMAC បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីនឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនឯកឧត្តម Wang Wentian អំពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអង្គភាពCMACសម្រេចបាន ជាពិសេសលើកិច្ចប្រតិបត្តិការក្រោម”គម្រោងជំនួយចិនលុបបំបាក់គ្រាប់មីននៅកម្ពុជា” ដែលរដ្ឋាភិបាលនិងប្រជាជនចិនបានផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននិងសំណល់យុទ្ឌភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្នុងការអនុវត្តគម្រោងនេះ សម្រេចបានលទ្ធផលគយរជាទីមោទនៈ។ ឯកឧត្តមប្រតិភូ ក៏បានជម្រាបបន្ថែមក្នុងការប្រើប្រាស់សម្ភារៈបច្ចេកទេសរបស់ចិនក្នុងការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់និងបានកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្មភាពកំចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងធានាសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាពCMAC ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ជាពិសេសភាគីចិននឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងការអភិឌ្ឍប្រកបដោយចីរភាព។
សូមរំលឹកជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន១៩.០០០ហិកតា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់ ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់បានចំនួនជាង៥.៩០០ករណី និងបានផ្ដល់សារអប់រំយល់ដឹងពីមីន/គ្រាប់ដល់ប្រជាពលរដ្ឋសរុបចំនួន៤លាន៦សែននាក់ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួនជាង៣៧៨.០០០គ្រួសារ ស្មើនឹងចំនួនជាង១.៤៥៤.០០០នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ការគាំទ្រទាំងស្មារតី សម្ភារៈបច្ចេកទេស និងថវិកា ដែលជាកត្តាសារវន្តជួយឱ្យអង្គភាព CMAC មានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត៕






-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ