ព័ត៌មាន
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអាមេរិក ជាពិសេសគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរនាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ច ការបណ្ដុះបណ្ដាល និងការពិភាក្សាលើគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ខាល សលមែន (Kyle Saltzman) នាយការិយាល័យឣនុព័ន្ធយោធាសហរដ្ឋឣាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់លោកវរសេនីយ៍ឯក ខាល សលមែន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ នាឱកាសនេះ។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ច ការបណ្ដុះបណ្ដាល និងការពិភាក្សាលើគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរ ជាដើម។
ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបានចូលចតនាវានៅកម្ពុជា ជាបន្តបន្ទាប់ និងបានអរគុណសហរដ្ឋអាមេរិក ដែលបានលុបចោលការហាមឃាត់លក់អាវុធឲ្យកម្ពុជា ក៏ដូចជាការផ្ដល់ឡើងវិញនៃវគ្គបណ្ឌិតសភាយោធា និងវគ្គផ្សេងៗទៀតដល់សិក្ខាកាមកម្ពុជា។
ឯកឧត្តម អគ្គមេបញ្ជាការ បានសម្ដែងសុទិដ្ឋិនិយមថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មនានា។
ជាមួយនោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានសន្យាថានឹងបន្តការងាររុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ខាល សលមែន បានសម្តែងមនោសញ្ចេតនារីករាយ និងបានប្រសិទ្ធពរជ័យជូនឯកឧត្តមអគ្គមេបញ្ជាការ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិមាតុភូមិ។
លោកវរសេនីយ៍ឯក បានឯកភាពចំពោះការវាយតម្លៃនូវការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក និងជឿជាក់ថា ទៅថ្ងៃអនាគតទំនាក់ទំនងនេះនឹងត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត៕



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ