Connect with us

ព័ត៌មាន

ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ផ្លាស់ប្តូរពីប្រព័ន្ធដែលផ្តោតលើធាតុចូល និង​មាន​លក្ខណៈ​មជ្ឈការ​ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្រប​តាម​ស្តង់​ដា និងឧត្តមានុវត្តន៍អន្តរជាតិ

នៅក្នុងបទបង្ហាញ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ២០២៣-២០២៧ របស់ ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជា​អគ្គ​លេខាធិការរង នៃអគ្គលេខាធិការ​ដ្ឋាន​គណៈកម្មាធិការដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ក្នុងវេទិកាកែទម្រង់នាព្រឹកនេះ ឯកឧត្តមបានបង្ហាញពីសាវតា សមិទ្ធផល ក្រប​ខ័ណ្ឌយុទ្ធសាស្ត្រ និងមេរៀនដែលជាបទពិសោធ នៃ​ការ​អនុវត្តកម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់គ្រ​ង​ហិរញ្ញ​វត្ថុសា​ធារណៈ នាពេលកន្លងមក។

ឯកឧត្តម ហ៊ែល ចំរើន បានបង្ហាញថា ក្នុងក្របខ័ណ្ឌចក្ខុវិស័យ ការកសាងប្រព័ន្ធ​ហិរញ្ញ​វ​ត្ថុ​សាធារណៈ​នៅ​កម្ពុជា ដោយផ្លាស់ប្តូរពីប្រព័ន្ធដែលផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅ​កាន់ប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និង​ឧត្តមានុវត្តន៍អន្តរជាតិ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានកំណត់យក “អភិក្រមជាខឿន និង​ជា​ដំណាក់​កាល (Platform Approach)” ជាយុទ្ធសាស្ត្រកែទម្រង់។ អភិក្រមនេះ មានលក្ខណៈ​ពិសេស ​៣យ៉ាងគឺ៖ (១)ការកែទម្រង់ក្នុងខឿននីមួយៗ ឬដំណាក់កាលនីមួយៗ ត្រូវមាន​គោល​បំណងស្នូលច្បាស់លាស់ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យនៃកម្មវិធីកែទម្រង់, (២)ការកែទម្រង់ក្នុងខឿននីមួយៗ ឬដំណាក់កាលនីមួយៗ ត្រូវជាមូលដ្ឋានសម្រាប់ការកែទម្រង់ក្នុងខឿនបន្តបន្ទាប់ និង (៣)សមិទ្ធផលផ្សេងៗដែលសម្រេចបានក្នុងខឿនមុនៗ ឬដំណាក់កាលមុនៗ ត្រូរបន្តពង្រឹងបន្ថែមក្នុងខឿន ឬដំណាក់កាលបន្តបន្ទាប់។

ជាការកត់សម្គាល់បន្ថែម ឯកឧត្តមបានបញ្ជាក់ថា ដើម្បីសម្រេចឱ្យបានជោគជ័យនូវគោលដៅនៃការកែទម្រង់ក្នុងដំណាក់កាលទី៤ នេះ កម្មវិធីកែទម្រង់ មានការងារជាអាទិភាពគន្លឹះមួយចំនួនរួមមាន៖ (១)ការរៀបចំលិខិតបទដ្ឋានគតិយុត្តគាំទ្រច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, (២)ការពង្រឹងឌីជីថលូបនីយកម្មសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសការធ្វើស្វ័យប្រវត្តិកម្ម FMIS, (៣)ការពង្រឹងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម តាមរយៈការពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃសមិទ្ធកម្ម, (៤)ការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម និងការភ្ជាប់ផែនការសមិទ្ធកម្មប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន ជាឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ថវិកាជូនស្ថាប័ននីតិប្បញ្ញត្តិ, (៥)ការជំរុញការរៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច រួមទាំងការពង្រឹងសវនកម្មសមិទ្ធកម្ម និងសវនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង (៦)ការលើកកម្ពស់តម្លាភាពថវិកា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia