ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព៏ត៌មាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឡើងវិញទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀតកាលពីថ្ងៃទី ៣ខែមេសា ឆ្នាំ ២០២៦ ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យបញ្ជាក់ថា តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែន លេខ ៤៥ និង ៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ សកម្មភាពឯកតោភាគីរបស់ថៃនេះគឺជា ការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង (Fait Accompli on the ground) និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ នៅតាមបណ្ដោយព្រំដែននៃផ្នែកនេះ។
លើសពីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២(បច្ចុប្បន្ន)ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សកម្មភាពទាំងនេះ មិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជាការអនុវត្តតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។ សកម្មភាពទាំងនោះ គឺផ្ទុយស្រឡះទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។
អ្នកនាំពាក្យបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃ ក៏ដូចជាជាមួយនឹងប្រទេសជិតខាងទាំងអស់ ស្របតាមច្បាប់អន្តរជាតិ ដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕

-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា5 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង