ព័ត៌មាន
សហគមន៍ខ្មែរអ៊ិស្លាមតែងបណ្ដុះគំនិតយុវជនឲ្យស្រឡាញ់សន្តិភាព សាមគ្គីភាព និងខិតខំរៀនសូត្រ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានថ្លែងថា សហគមន៍អ៊ិស្លាមនៅកម្ពុជា គឺតែងតែបណ្ដុះគំនិតដល់យុវជនជំនាន់ក្រោយ ត្រូវស្រឡាញ់ថែរក្សាសន្តិភាព មានសាមគ្គភាពផ្ទៃក្នុង និងខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងចូលរួមអភិវឌ្ឍន៍ជាតិ ។
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ជាការពិតយុវជន គឺជាទំពាំងស្នងឫស្សី ខណៈពួកគេទទួលបានការផ្ដល់ឱកាសយ៉ាងធំធេង ពីសំណាក់រាជរដ្ឋាភិបាល តាំងពីអាណត្តិមុន រហូតមកដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានសិក្សារៀនសូត្រ ហើយទទួលបានចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត ក្នុងនាមជាយុវជន ក៏ត្រូវតែខិតខំថែរក្សានូវកេរដំណែល ដែលថ្នាក់ដឹកនាំ និងចាស់ៗជំនាន់មុន បានបន្សល់ទុកឲ្យ ដែលក្នុងនោះ មានសមិទ្ធផលនានា ជាពិសេសសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ហើយតាមរយៈការរក្សាសន្តិភាពនេះ គឺត្រូវមានសាមគ្គីភាព មិនឈ្លោះប្រកែកគ្នា រហូតធ្វើឲ្យមានការបែកបាក់ជាតិ បែកបាក់សាសនា ហើយមួយវិញទៀត ក្នុងសម័យកាលនៃការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យា យុវជនក៏ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុយជ្រោយ ហើយមិនត្រូវចែកចាយនូវខ្លឹមសារ ឬព័ត៌មានដែលមានលក្ខណៈញុះញង់ ធ្វើឲ្យប្រទេសជាតិមានចលាចល ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានអំពាវនាវដល់សហគមន៍ខ្មែរអ៊ិស្លាមទាំងអស់ ត្រូវតបស្នងសងគុណ ចំពោះគុណបំណាច់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យបានប្រតិបត្តិប្រពៃណី ដោយគ្មានការរើសអើង រួមទាំងបានផ្ដល់សិទ្ធិ និងការលើកទឹកចិត្តផ្សេងៗ ទាំងការបម្រើការងារក្នុងវិស័យសាធារណរបស់រដ្ឋ និងកិច្ចការនយោបាយជាដើម ។
បើតាមឯកឧត្តម រ៉ូហ្វី អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងបេសកកម្មរបស់ខ្លួន សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានចូលរួមក្នុងការងារជាច្រើន ដើម្បីជួយដល់សង្គម ក្នុងនោះមានកិច្ចការមនុស្សធម៌ ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាព ការកសាងភាពជាអ្នកដឹកនាំ និងបំណិតជីវិត បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់វិស័យកីឡា ការអប់រំសុខភាព ការអប់រំសីលធម៌ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា មានសមាជិកចំនួន ១ ៥៦៨នាក់ ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីចូលរួមការងារជួយដល់សង្គម ហើយសមាគមនឹងបន្តបេសកកម្មការងារស្នូលរបស់ខ្លួន និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន និងឈានឆ្ពោះទៅមុខជានិច្ច ក្រោមមាគ៌ារដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ