Connect with us

ព័ត៌មាន

គ.ប.ឆ.ប. ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដល់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅទីស្តីការគណៈរដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត Zoom រួមមានតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា ច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” មានគោលបំណងដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា សារបាន និងកិច្ចដំណើរការនៃការរៀបចំច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ និងតាមសម័យប្រជុំពេញអង្គនៃរដ្ឋសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងសម័យប្រជុំពេញអង្គវិសាមញ្ញនៃព្រឹទ្ធសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៦។

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បង្ហាញថា ទិដ្ឋភាពជាក់ស្ដែងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា៖ ការលួងលោមបែបមនោសញ្ចេតនា (Romance Scams or Pig Butchering) ការអូសទាញឱ្យប្រគល់នូវទ្រព្យការដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងជាការលក់ផលិតផល និងផ្តល់សេវាកម្មអនឡាញ។

ឯកឧត្តម កេង សុម៉ារិទ្ធ បន្តថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវ៖ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា និងការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងភាពជោគជ័យនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យអ្នកអនុវត្តច្បាប់យល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានការពាក់ព័ន្ធ ភាពច្បាស់លាស់នៃប្រតិបត្តិការ និងនីតិវិធីដែលត្រូវអនុវត្តតាមកិច្ចសហការរវាងក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia