ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងវិស័យឯកជន បើកកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈមពីវិបត្តិសកល
នៅព្រឹកថ្ងៃទី៧ ខែមេសានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំយន្ដការភាពជាដៃគូគយ-ផ្នែកឯកជនលើកទី១០ ដើម្បីពិភាក្សាលើសេចក្ដីព្រាងវិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ព្រមទាំងពិភាក្សាដោះស្រាយសំណើរបញ្ហាដែលលើកឡើងដោយផ្នែកឯកជន ខណៈប្រទេសទូទាំងសកលលោកកំពុងជួបវិបត្តិបញ្ហាសេដ្ឋកិច្ច ពិសេសតម្លៃប្រេងឥន្ធនៈ។

កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកី១០ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្ដការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ចាប់តាំងពីត្រូវបានបង្កើតជាផ្លូវការ យុទ្ធនាការនេះ បានដំណើរការដោយរលូន ដោយបានពិភាក្សា និងដោះស្រាយបញ្ហាបានជាច្រើន។ ក្នុងនោះ បានស្វែងយល់ យោគយល់គ្នាកាន់តែជិតស្និទ្ធ រវាងស្ថាប័នគយ និងវិស័យឯកជន ដែលតែងតែចាត់ទុកថា ជាដៃគូយ៉ាងសំខាន់របស់អង្គភាពគយ ហេតុដូច្នេះហើយការបង្កើតឡើងនូវយន្តការនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគយ និងវិស័យឯកជន។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំលើកទី១០ ដែលរៀបចំឡើងក្នុងពេលនេះ ជាពេលវេលាយ៉ាងសំខាន់បំផុត គឺក្នុងស្ថានភាពដែលប្រទេសសាកលលោកកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ពាក់ព័ន្ធវិបត្តិនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និន្នាការនៃការធ្វើឯកតោភាគីនិយម ហើយជាពិសេសគឺការរំលោភបំពានច្បាប់អន្តរជាតិ។ ឯកឧត្តមបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា គឺមានបញ្ហាបន្ថែមពីលើសាកលនេះថែមទៀត ដោយទទួលរងនូវការឈ្លានពានមកដែនអធិបតេយ្យភាពពីប្រទេសថៃ។ ដូចនេះ អាចចាត់ទុកថា ជាកាលៈទេសៈដ៏ស្រួចស្រាលមួយ ហើយក៏មានការណែនាំពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកែទម្រង់ដ៏មុតស្រួច ដើម្បីទ្រទ្រង់តបទល់ទៅនឹងការប្រឈមនានា ដែលកំពុងកើតឡើង។
សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក៏មានការធ្វើបទបង្ហាញមួយចំនួនផងដែរ មានដូចជា៖ ស្ដីពីការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់ឆ្នាំ២០២៦, ការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមលើផលិតផលតេលសិលា និងសេចក្ដីព្រាងវិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់សម្រាប់អនុវត្ដក្នុងឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ