Connect with us

ព័ត៌មាន

ប្រមុខការពារជាតិកម្ពុជាមានមោទនភាពចំពោះកងទ័ពដែលបានលះបង់ និង​ខិតខំ​ពុះ​ពារ​ជម្នះ​គ្រប់​ឧបសគ្គទាំងអស់​ដើម្បីជាតិមាតុភូមិ

នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសម្តែងនូវ​មោទន​ភាព និងវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កង​យោធពល​ខេមរភូមិន្ទ​សម្រេច​បាន​ក្នុង​ពេល​កន្លង​មក គឺកើតចេញពីការលះបង់ ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ និងការ​លំបាក​នានា ​ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បី​សម្រេច​បាន​នូវ​ជោគ​ជ័យ​ជូនជាតិមាតុភូមិ។

តាមរយៈសារជូនពរ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែល​នឹង​ឈាន​មក​ដល់នាពេលខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូស​បញ្ជាក់​ថា​ការ​ពុះពារ​ជម្នះបានគ្រប់ឧបសគ្គរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បាន​ធ្វើ​ឱ្យកងយោធពលខេមរភូមិន្ទ កាន់តែរឹងមាំ កាន់តែមានភាពខ្លាំងក្លា មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ការពារអធិបតេយ្យជាតិ និងបូរណភាព ទឹកដីរបស់ខ្លួន។

ឯកឧត្តម​នាយឧត្តមសេនីយ៍ ទៀ សីហា បានលើឡើងទៀតថា ជាបទពិសោធកន្លងមកនេះ ក្រោម​ស្មារតី​ជាតិខ្មែរតែមួយ យើងបាន​រួប​រួម​សាមគ្គី​ពួត​ដៃ​គ្នា​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​ពីប្រ​ទេស​ជិត​ខាង​មក​លើដែនអធិបតេយ្យភាពរបស់យើង។ ទន្ទឹមគ្នានេះ អ្វីដែលយើងមិនត្រូវភ្លេចនោះ គឺការ​រួប​រួម​សាមគ្គី​គ្នា និងជឿជាក់លើរាជរដ្ឋាភិបាល ជៀសវាង​ជឿ​តាម​ការ​ញុះ​ញង់​បំបែក​បំបាក់​សាមគ្គី​ជាតិ​។

ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រមុខការពារជាតិកម្ពុជា ក៏សូមបួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ទាំង​ឡា​យក្នុងលោក មានទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយ​ប្រោះ​ព្រំ​សព្ទ​សាធុ​ការ​ពរជ័យ សិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន ដែល​កំពុង​បំពេញ​បេសកកម្ម និងសិក្ខាកាមទាំងអស់ដែលកំពុងសិក្សាជំនាញនានាទាំងក្នុង និងក្រៅប្រទេស រួម​ទាំង​យោធិនដែលមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ សូម​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺមានកម្លាំងមាំមួន ឡើងវិញ ដើម្បីបន្ត​បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្តម​ជូន​ជាតិ​មាតុ​ភូមិ​នៃ​យើង​ផង​ដែរ​។

សូមបញ្ជាក់ថា ក្រោយផ្ញើសារជូនពរ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំង អស់ ឯកឧត្តមប្រមុខការពារជាតិក៏បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តី ដោ​យ​ផ្ទាល់​ដល់​យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅ​សម​រភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតាមបណ្តាកោះ-ឆ្នេរផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia