Connect with us

ព័ត៌មាន

សម្តេច ម៉ែន សំអន៖«ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី»

ត្បូងឃ្មុំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានប្រសាសន៍ថា ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមជាមួយ សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។

សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះនៅក្នុងពិធីប្រគល់ផ្ទះ ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ៥០ខ្នងផ្ទះ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រសៀលថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

ឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា សម្តេចតេជោ និងសម្តេចមហាបវរធិបតីបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។

ជាការឆ្លើយតបអតីតយុទ្ធមិត្តដែលបានទទួលផ្ទះនៅខេត្តត្បូងឃ្មុំក៏បានគោរពរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យដល់ពួកគាត់នាពេលនេះ និងបានគោរពជូនពរឲ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន ៣២០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះចំនួន ៥០គ្រួសារ និងគ្រួសារអតីតយុទ្ធមិត្តចំនួន ១២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន ៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ មី ១កេស គ្រាប់ពូជបន្លែ ១កញ្ចប់ (មាន ៥ប្រភេទគ្រាប់ពូជ) និងថវិកា ៥ម៉ឺនរៀល ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia