ព័ត៌មាន
ក្រសួងការងារ ស្នើដល់ម្ចាស់ការដ្ឋានសំណង់ឱ្យជួយជំរុញបងប្អូនអតីតពលករដែលមកពីថៃមកចុះឈ្មោះធ្វើតេស្ដទទួលស្គាល់ជំនាញដោយឥតគិតថ្លៃ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នៅទូទាំងប្រទេសឱ្យជួយជំរុញបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ មកចុះឈ្មោះធ្វើតេស្ដតាមរយៈកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូល។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី៩ ខែមេសានេះ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នានានៅទូទាំងប្រទេសឱ្យចូលរួម ក្នុងការជំរុញបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីថៃ ប្រញាប់មកចុះឈ្មោះធ្វើតេស្ដជំនាញក្នុងកម្មវិធី RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញពីក្រសួង។

ការធ្វើតេស្ដនេះ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដែលចេញបញ្ជាក់ពីការទទួលស្គាល់សមត្ថភាព និងជំនាញ ដើម្បីបំប្លែងបទពិសោធធ្វើការពីក្រៅប្រទេសឱ្យទៅជាវិញ្ញាបនបត្រកម្រិតថ្នាក់ជាតិជាផ្លូវការ ដែលជាឱកាសងាយស្រួលរកការងារធ្វើ ប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែងតួនាទីផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖«យើងស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានទាំងអស់ គឺសូមជួយលើកទឹកចិត្តដល់បុគ្គលិក និងកម្មកររបស់ខ្លួនដែលមានជំនាញជាក់លាក់ និងមានបទពិសោធន៍ផ្នែកការងារដែលខ្លួនកំពុងធ្វើ មកចុះឈ្មោះធ្វើតេស្តនៅតាមមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពរបស់យើងដែលបានបង្ហាញកន្លងមក។ សូមចូលរួមទាំងអស់គ្នា ដើម្បីជួយដល់បងប្អូនអតីតពលករខ្មែររបស់យើង ក៏ដូចជាជួយសង្គមជាតិយើងផងដែរ»។

សម្រាប់ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ១២៩៧ ឬទីតាំងដែលអាចចុះឈ្មោះមានចំនួន៩ កន្លែងរួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ។
ដោយមានមុខជំនាញចំនួន ៨មុខជំនាញ នៅក្នុងវិស័យសំណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជំនាញទាំង ៨នោះរួមមាន ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕





-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា