ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម៖ កិច្ចសហប្រតិបត្តិការកម្ពុជា និងវៀតណាមបានធ្វើឡើងលើគ្រប់វិស័យជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន
ភ្នំពេញ៖ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺបានធ្វើឡើងលើគ្រប់វិស័យជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន ដែលបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងការទប់ស្កាត់នូវបទល្មើសឆ្លងដែន និងការពង្រឹងនូវសន្តិសុខនៅតាមព្រំដែនដែលធ្វើឱ្យព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចជាន់ខ្ពស់របស់សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាមមកកាន់ប្រទេសកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងវៀតណាម ហើយទស្សនកិច្ចនេះក៏បានបង្ហាញនូវនិមិត្តរូបនៃការជឿជាក់គ្នារវាងកម្ពុជា និងវៀតណាមផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ត្រិន កឹមទូ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសម និងពិភាក្សានៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពស្អិតរមួត និងរឹងមាំ ហើយកន្លងតាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។
ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមនៅគ្រប់វិស័យជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន ដែលបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងការទប់ស្កាត់នូវបទល្មើសឆ្លងដែន និងការពង្រឹងនូវសន្តិសុខនៅតាមព្រំដែនដែលធ្វើឱ្យព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍ។ ឯកឧត្តមក៏បានរំលេចអំពីការសាមគ្គីគ្នាជាពិសេសការសហការគ្នាក្នុងការការពារ គឺកុំឱ្យមានកម្លាំងអមិត្តណាមួយយកទឹកដីនៃប្រទេសទាំងសងខាងដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត ដែលភាគីទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងកិច្ចការងារមួយនេះ។ បន្ថែមពីលើនេះនៅតាមព្រំដែនក៏ដូចជាការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មជាមួយគ្នាប្រទេសទាំងពីរបានធ្វើឱ្យមានកំណើនពាណិជ្ជកម្មលើសពី១០ពាន់លានដុល្លារ ហើយនៅពេលបច្ចុប្បន្នកម្ពុជា និងវៀតណាមកំពុងតែមានមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យឡើងដល់២០ពាន់លានដុល្លារ។
សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមសមាជិកការិយាល័យបក្សកុម្មុយនីស្តវៀតណាម ជាពិសេសនៅត្រង់ចំណុចទាក់ទងទៅនឹងការសហការគ្នានៅតាមព្រំដែនដែលសម្ដេចបានជំរុញបន្ថែមទៀតឱ្យបណ្ដាអាជ្ញាធរនៅតាមព្រំដែនរវាងប្រទេសទាំងពីរដើម្បីធានាឱ្យបាននូវព្រំដែនដែលមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។ សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងអំពីការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ គឺជាចំណុចស្នូលដ៏សំខាន់នៃទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោចង់ឃើញប្រទេសទាំងពីរសម្រេចបាននូវទំហំពាណិជ្ជកម្មដល់២០ពាន់លានដុល្លារ តាមការគ្រោងទុក។ បន្ថែមពីលើនោះ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្ថាប័នរដ្ឋ និងស្ថាប័នបក្សដែលប្រទេសទាំងពីរកំពុងតែពូនជ្រំ។ ជាមួយគ្នានេះសកម្មភាពដែលត្រូវពង្រឹងបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅនោះគឺនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ
ទាំងស្ថាប័នរដ្ឋ និងស្ថាប័នគណបក្ស។ ជាមួយគ្នានេះសម្ដេចតេជោក៏បានលើកឡើងទាក់ទងទៅនឹងការពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានចប់ជាស្ថាពរ ដែលភាគីទាំងពីរត្រូវបង្កើនកិច្ចសហការនៅក្នុងការធ្វើកិច្ចការងារដ៏មានសារៈសំខាន់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នានោះ។
ឯកឧត្តមក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងនឹងការជំរុញនិងការពន្លឿនការបោះបង្គោលតាមព្រំដែនរវាងកម្ពុជា និងវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយស្របទៅនឹងគោលដៅប្រទេសទាំងពីរដែលមានមិត្តភាពជាជាប្រពៃណីយូរអង្វែងជាមួយគ្នា៕



-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា