ព័ត៌មាន
ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ “ឧត្តមនិយម” ផលប្រយោជន៍ជាតិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកម្ពុជា បាន និងកំពុងស្ថិតក្នុងការលំបាកលើវិញ្ញាសាជាច្រើន ក្នុងនោះរួមមាន៖ ១/ ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ២/ ការដោះស្រាយបញ្ហាទឹកដី, ជីវភាពរស់នៅរបស់ជនភៀសសឹក និង៣/ ការរងឥទ្ធិពលវិបត្តិថាមពលសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះបីវិញ្ញាសាលំបាកយ៉ាងច្រើនណា ក៏កម្ពុជានៅតែអាចជម្នះ និងដើរទៅមុខបាន គឺអាស្រ័យលើកត្តាសំខាន់ចំនួន ៣ ដែលកម្ពុជាធ្លាប់ប្រឈម និងបានដោះស្រាយ ជាពិសេស ក្នុងកំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ គឺ៖ ១/ គោលដៅរបស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ គឺមិនដេកដួលក្នុងសភាពការណ៍ ដោយខិតខំជម្នះការលំបាក, កសាងពេទ្យ កសាងមណ្ឌលសម្រាកព្យាបាល, ២/ ការខិតខំចូលរួមរបស់មន្ត្រីពាក់ព័ន្ធទាំងអស់, គ្រប់ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, កងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ពអាវស និង ទី៣/ មានការយោគយល់ និងចូលរួមដ៏សកម្មពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតគម្រោងព្រែកជីកហ្វូណនតេជោ ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដែលពេលនេះវឌ្ឍនភាពបានឈានដល់ដំណាក់កាលវិវត្តគួរឱ្យកត់សម្គាល់ ដើម្បីឈានទៅសម្រេចតាមផែនការកំណត់។ ព្រមជាមួយគ្នានេះ, ក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នជំនាញ, អាជ្ញាធរខេត្តទាំង ៤ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងព្យាយាមផ្តល់ការសហការយ៉ាងស្អិតរមួតក្នុងការសាងសង់ និងដោះស្រាយផលប៉ះពាល់ជាអតិបរមាជូនដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់នូវការយោគយល់ និងសហការជាមួយក្រុមការងារ ដើម្បីពិនិត្យ និងដោះស្រាយផលប៉ះពាល់ឱ្យបានគ្រប់លទ្ធភាព និងធានាដល់ដំណើរការនៃការសាងសង់ដោយរលូន។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីយន្ដការក្នុងការដោះស្រាយបញ្ហារបស់ជនភៀសសឹក ដោយទី១ នៅពេលចាប់ផ្ដើមផ្ទុះអាវុធ គឺដំបូងបំផុតត្រូវការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាជម្លៀសពួកគាត់ទៅកាន់ទីមានសុវត្ថិភាព, មានទឹកហូប, មានបាយហូប និងកន្លែងស្នាក់នៅ, ទី២ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពសុខភាព និង ទី៣ ដំណាក់កាលស្ដារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋបណ្ដើរៗឡើងវិញ។ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនវិញ កម្ពុជា រក្សាជំហរក្នុងការដោះស្រាយបញ្ហាតាមយន្ដការសន្តិវិធី ដែលរួមមាន យន្ដការច្បាប់ និងយន្តការការទូត ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត។ ជាងនេះទៅទៀត, មូលហេតុដែលកម្ពុជា ជ្រើសរើសយកការដោះស្រាយតាមយន្ដការទ្វេភាគី ជាជម្រើសអាទិភាពទី១ ដោយសារទី១ ជាយន្ដការដោះស្រាយដោយការទូត និងច្បាប់ ដើម្បីបញ្ចៀសការប្រើហិង្សាដើម្បីយកទឹកដី, ទី២ វិធានការទ្វេភាគី គឺជាវិធានការលឿនបំផុត ក្នុងការដោះស្រាយបញ្ហា និង ទី៣, កម្ពុជា នៅតែជឿថា យន្ដការទ្វេភាគីនៅតែជម្រើសដែលធ្វើទៅរួច ព្រោះភាគីទាំងពីរនៅតែមានចំណុចរួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, រាជរដ្ឋាភិបាលទាំងពីរនៅតែគោរពកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់របស់ភាគីទាំងពីរ ។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តខុសច្បាប់បើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ។ បន្ថែមពីនេះ, សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមស្ថានភាពស្រវឹង ត្រូវប្រកាន់គោលការណ៍សុវត្ថិភាពជាចម្បងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ខ្លួនឯង អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់៕



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់