ព័ត៌មាន
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ ពុទ្ធបរិស័ទ និងសិស្សនិស្សិត បានយាងផ្ដល់ព្រះរាជអំណោយ ដល់វីរកងទ័ពការពារព្រំដែន និងធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យដល់យុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ការពារប្រជាពលរដ្ឋ រួមទាំងប្រសិទ្ធពរជ័យដល់វីរកងទ័ពកម្ពុជា ក្នុងឱកាសអបអរឆ្នាំថ្មី ។

ក្នុងដំណើរនៃកម្មវិធីនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចព្រះសាកលវិទ្យាធិការ បានយាងដឹកនាំ គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះភូមិ តាមបែបប្រពៃណីព្រះពុទ្ធសាសនា និងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធវិរកងទ័ព ដ៏អង់អាចក្លាហានរបស់យើងដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់មកសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានសព្វព្រះទ័យប្រោសព្រះរាជទាននូវអំណោយឧបត្ថម្ភជូនបងប្អូនវីរៈកងទ័ពជួរមុខ យោធភូមិភាគទី១ តាមរយៈ ឧត្តមសេនីយ៍ត្រី ម៉ុក សោភារិទ្ធ នាយកមន្ទីរពេទ្យយោធភូមិភាគទី១ និង ឧត្តមសេនីយ៍ទោ ដាំ រ៉ា មេបញ្ជារការរងយោធភូមិភាគទី១ ប្រចាំព្រំដែនកម្ពុជា-ថៃ (ទិសមុំ៣) មានដូចជា ៖ ថ្នាំពេទ្យនិងសម្ភារសង្គ្រោះបឋម គិតជាថវិកា ៤ ២៣២ដុល្លារ, គ្រឿងឧបភោគ បរិភោគ គិតជាថវិកា ១ ៩៦០ដុល្លារ, ឧបត្ថម្ភជាថវិកាជាង ១ ០៧២ ដុល្លារ សរុបជាថវិកាចំនួនប្រមាណ ៧២៦៤.៥០ ដុល្លារ សម្រាប់ប្រើប្រាស់ និងបានប្រទានពរជ័យមង្គលដល់ វីរៈកងទ័ពជួរមុខទាំងអស់ជួបតែសុខសុវត្ថិភាព ឈ្នះអស់មាសត្រូវទាំងឡាយទាំងពួង ។
នាឱកាសដ៏មហាជ័យមង្គលនេះ សម្តេចព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរ សាទរឆ្នាំថ្មី សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា យាងជៀសផុសពីព្រះរោគ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ ។

ពិសេសសូមបួងសួង ទេវតាឆ្នាំថ្មី សូមជួយថែរក្សាអភិបាលប្រោះព្រំ សិរីមង្គល ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមបានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិនិងមាតុភូមិកម្ពុជា។
បន្ទាប់ពីរៀបចំពិធីបែបសាសនា រួច ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ បានអញ្ជើញពិធីរាប់បាត្រ នមស្ការសមាទានសីល និងបង្សុកូល ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវិរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន2 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព