ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់នៃរដ្ឋសភាផ្តល់អនុសាសន៍គន្លឹះជំរុញឱ្យយុវជនក្នុងកម្មវិធី «សភាត្រាប់» ក្លាយជាអ្នកដឹកនាំបម្រើជាតិដោយសុចរិតភាព
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីបើកកម្មវិធី «សភាត្រាប់» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានចែករំលែកនូវអនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីតម្រង់ទិសបេក្ខជន បេក្ខនារី ឱ្យក្លាយជាអ្នកដឹកនាំបន្តវេនប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិ។
ថ្លែងទៅកាន់ក្រុមយុវជននាឱកាសនោះ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំពិតប្រាកដ មិនមែនស្ថិតលើត្រឹមតែវោហារសាស្ត្រ ឬការនិយាយតែមួយមុខនោះទេ ប៉ុន្តែគឺជាសមត្ថភាពនៃការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់វាសនា និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនទាំងអស់ ប្រើប្រាស់វេទិកាសភាត្រាប់នេះ ដើម្បីស្វែងយល់ឱ្យបានល្អិតល្អន់នូវតួនាទី និងរចនាសម្ព័ន្ធរដ្ឋសភា តាមរយៈការត្រងត្រាប់ស្តាប់ ការកត់ត្រា និងការសួរសំណួរដោយគ្មានភាពអៀនខ្មាស ដើម្បីកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹង និងភាពជាអ្នកដឹកនាំតាំងពីវ័យក្មេង។
ជាមួយគ្នានេះ លោកជំទាវបានរំលឹកដល់បេក្ខជនទាំងអស់ ឱ្យតាំងខ្លួនជាសមាជិកសភាដែលតំណាងឱ្យម្ចាស់ឆ្នោតពិតប្រាកដ ដោយត្រូវចេះថ្លឹងថ្លែងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ឬដំណោះស្រាយ «ឈ្នះ-ឈ្នះ» សម្រាប់សង្គមជាតិ។ បន្ថែមលើនេះ លោកជំទាវក៏បានជំរុញឱ្យយុវជន ក្លាយជាបុរសឈានមុខក្នុងការលើកកម្ពស់ «សមភាពយេនឌ័រ» តាមរយៈការផ្តល់តម្លៃ និងការគោរពគ្នាទៅវិញទៅមកក្នុងនាមជាដៃគូការងារដ៏ល្អ។ លោកជំទាវក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់កម្មវិធីនេះ យុវជននឹងនាំយកបទពិសោធន៍ទៅចែករំលែកបន្តដល់មិត្តភក្តិ ដើម្បីជំរុញទឹកចិត្តពួកគេឱ្យហ៊ានបង្កើតក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំបម្រើជាតិនៅថ្ងៃអនាគត។
ជាចុងក្រោយ លោកជំទាវ ឡោក ខេង បានក្រើនរំលឹកថា សាលប្រជុំសភាគឺជាកន្លែងដែលទាមទារនូវស្មារតីទទួលខុសត្រូវខ្ពស់បំផុត ព្រោះរាល់ការសម្រេចចិត្តសុទ្ធតែពាក់ព័ន្ធនឹងជីវិតពិតរបស់ប្រជាជន កសិករ កម្មករ និងសហគមន៍ទាំងមូល។ ភាពជាអ្នកដឹកនាំពិតប្រាកដ គឺការស្តាប់ដោយបញ្ញា មានសេចក្តីក្លាហានការពារអ្វីដែលត្រឹមត្រូវ និងចេះសម្របខ្លួនដើម្បីផលប្រយោជន៍រួម។ ជាមួយគ្នានេះ យុវជនគួរបន្តតាមដាននូវរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិមុន និងអាណត្តិបច្ចុប្បន្ន ដើម្បីទុកជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ឧត្តមប្រយោជន៍ជាតិ។
សូមបញ្ជាក់ថា កម្មវិធី «សភាត្រាប់» គឺជាគំនិតផ្តួចផ្តើមរបស់គណៈកម្មការទី៨ និងក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ដែលជាគម្រោងបន្តពីយុទ្ធនាការក្មេងស្រីឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ (#Girls2Leader) ដែលលោកជំទាវ ឡោក ខេង ធ្លាប់បានជាប់ឈ្មោះជាឯកអគ្គរាជទូតនៃវេទិកាអ្នកនយោបាយស្ត្រីតំណាងព្រះរាជាណាចក្រកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិក។
កម្មវិធីនេះ ក៏ជាកម្មវិធីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋសភា ដែលផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយបានអនុវត្តជាក់ស្តែងត្រាប់តាមយន្តការសភា និងរាជរដ្ឋាភិបាលផ្ទាល់នៅវិមានរដ្ឋសភា។ ពិធីបើកជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានការចូលរួមពី លោកស្រី វ្លាដាន់ការ អាំងឌ្រេវ៉ា (Vladimirka Andreeva) តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា, លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) ប្រធានមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងសិក្សានុសិស្សចំនួន ៨០នាក់។
កម្មវិធី «សភាត្រាប់» ទទួលបានការគាំទ្រទាំងស្មារតី បច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ UN Women, UNFPA និងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ៕









-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា5 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង