ព័ត៌មាន
មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាព នៃការធ្វើចំណាកស្រុកជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន
ដើម្បីផ្សព្វផ្សាយពីឱកាសការងារដ៏សម្បូរបែបនៅក្នុងស្រុក និងបញ្ចៀសការធ្វើចំណាកស្រុកដោយខុសច្បាប់ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ជារៀងរាល់សប្តាហ៍ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងតែងតែចុះផ្សព្វផ្សាយព័ត៌មានស្តីពីឱកាសការងារ ចែកខិត្តប័ណ្ណ និងផ្តល់នូវលេខទំនាក់ទំនងជូនដល់ប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងណែនាំពីការធ្វើចំណាកស្រុកដោយស្របច្បាប់ដល់អ្នកដែលមានបំណងដែលចង់ធ្វើការចំណាកស្រុក នៅតាមស្រុកជាច្រើនជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង។
លោកអះអាងថា «មន្ទីរការងារខេត្តបាត់ដំបងបានរៀបផែនការផ្សព្វផ្សាយជារៀងរាល់សប្តាហ៍ដើម្បីចុះផ្សព្វផ្សាយពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជូនដល់ពលរដ្ឋខ្មែរដែលរស់នៅជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង ដោយក្នុងនោះយើងក៏បានផ្តល់លេខទំនាក់ទំនងរបស់មន្ទីរ និងលេខ ១២៩៧ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់ពួកគាត់ក្នុងការរកការងារធ្វើ»។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយជាបន្តបន្ទាប់របស់មន្ទីរការងារតាមខេត្តនៅតាមបន្ទាត់ព្រំដែន បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការធានានូវការទទួលបានការងារធ្វើរបស់ពលរដ្ឋខ្មែរ និងការបញ្ចៀសនូវការធ្វើចំណាកស្រុកខុសច្បាប់។
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា «ការផ្សព្វផ្សាយរបស់មន្ទីរការងារតាមខេត្តគឺយុទ្ធសាស្ត្រភ្លៀងរលឹម ដែលដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី ជាសេនាធិការជូនរាជរដ្ឋាភិបាលដើម្បីធានាថាពលរដ្ឋខ្មែរទទួលបានការងារធ្វើគ្រប់ៗគ្នា»។
បន្ថែមពីនេះ លោក ស៊ុន មេសា សូមអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន សូមសិក្សាស្វែងយល់ឱ្យបានច្បាស់ពីការធ្វើចំណាកស្រុក មុននឹងជឿការអូសទាញពីអ្នកដទៃ ជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ និងស្វែងរកការងារធ្វើនៅក្នុងស្រុកដែលមានភាពសម្បូរបែបជាង មានអត្ថប្រយោជន៍ និងសុវត្ថិភាពជាង៕








-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា5 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨