Connect with us

ព័ត៌មាន

រថយន្តក្រុងរដ្ឋជួយពលរដ្ឋកាត់បន្ថយចំណាយលើការធ្វើដំណើរ ខណៈកម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ប្រេង

ស្ថិតក្រោមវិបត្តិតម្លៃប្រេងសកល ប្រជាពលរដ្ឋកម្ពុជា បាន​ងាក​មក​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ​របស់​រដ្ឋ ដែលបាននឹងកំពុង​ដើរ​តួសំខាន់​ក្នុង​ការ​ជួយ​សម្រាល​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​។

បច្ចុប្បន្ននេះ ការបម្រើសេវារថយន្តក្រុងសាធារណៈ City Bus ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅ​កំពុង​មមា​ញឹកក្នុងការធ្វើប្រតិបត្តិករដូចសព្វដងទាំងខ្សែរត់ និងតម្លៃ។

សេវារថយន្តក្រុងសាធារណៈនេះ គឺចំណាយត្រឹមតែ១៥០០រៀលប៉ុណ្ណោះក្នុងម្នាក់ៗ និង​ក្នុង​មួយ​ខ្សែ​រត់​ម្តងៗ ដោយមិនគិតពីរយៈចំងាយនោះឡើយ ។ ប៉ុន្តែក្នុងនោះដែរ ក៏មាន​ការ​លើក​លែង​ដោយ​មិន​គិត​ប្រាក់នោះឡើយ សម្រាប់កុមារ សិស្ស និស្សិត មនុស្សចាស់ជរា ជនមានពិការភាព ក៏​ដូចជាព្រះសង្ឃជាដើម .ល. ។

លោកកែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារៈ City Bus បាន​ឲ្យ​ដឹង​ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែបានយកចិត្តទុកដាក់ តាមរយៈ​ការ​គិត​គូរ​ជា​មួយ​បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសះ ពិសេសនោះលើវិស័យដឹកជញ្ជូនសាធារណៈនេះ គឺ​ចាំ​បាច់​ត្រូវបម្រើពលរដ្ឋប្រកបដោយភាពប្រសើរ ដោយមិនមានតម្លើងថ្លៃឈ្នួល ឬកាត់​បន្ថយ​ខ្សែ​រត់​ជា​ប្រចាំ​នោះឡើយ ខណៈបរិបទពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ធ្វើឲ្យប្រេង​ឥន្ធនៈ​មាន​ការ​ឡើង​តម្លៃ ​ហើយការសាយភាយឥទ្ធិពលមកដល់កម្ពុជាផងដែរ ។

ពលរដ្ឋ សម្តែងក្តីសប្បាយរីករាយ នឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែល​បាន​ជួយ​សម្រួលភាពងាយស្រួលដល់ការធ្វើដំណើរ និងសម្រាកការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

គួរបញ្ជាក់ថា សេវារថយន្តក្រុងសាធារណៈ City Bus គឺមាន១៣ខ្សែរត់ ដែលចាប់​ផ្តើម​ដំណើរ​ការ​ចាប់​ពី​ម៉ោង​៥ និង៣០នាទីព្រឹក ដល់ម៉ោង២០ និង៣០នាទីយប់ ។ ក្នុង​នោះ​មាន​ខ្សែ​រត់​ដោយ​ឡែក​០២​ដទៃ​ទៀត ដែលមួយជាខ្សែរត់ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ និង​មួយ​ខ្សែ​ទៀត​ សម្រាប់គាំទ្រផ្លូវថ្មើរជើងចតុមុខ Walk street គឺចាប់ផ្តើមដំណើរការចាប់ពីម៉ោង៥ និង​៣០​នាទី​ព្រឹក ដល់ម៉ោង ២៣យប់៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia