Connect with us

ព័ត៌មាន

សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុប​ចំនួន ៩៩៦​នាក់។

ពិធី​ចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយ​អង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញ​ឱ្យ​ការងារ​មូល​ដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់​តែជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយក​ចិត្ត​ទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថ​កិច្ច​របស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្ត បាន​យក​ចិត្ត​​ទុកដាក់ក្នុងការបង្កើន និងជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈពង្រាយ​មន្ត្រី​កសិ​កម្ម​​តាម​ឃុំ-សង្កាត់ ដើម្បីជួយការងារបណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់​ប្រជា​កសិករ ដែល​មាន​ផ្ទៃ​ដី​បង្ក​បង្កើនផលសរុប ១២១.១៧៣ហិកតា ទិន្នផល ៤០៧.៣៣០​តោន ដំណាំឧស្សាកម្ម ដូច​ជា​ស្វាយកែវរមៀត ប្រមាណជាង ៦៤.០៣៧ហិកតា ទិន្ន​ផល ៤០៤.៨៧៩តោន អំពៅ​ប្រមាណ​ជាង ​៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០​តោន/ឆ្នាំ និងដំណាំរួមផ្សំរាប់​សែន​ហិកតា ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២​កន្លែង​ មានប្រមាណជាង ១៤.៥៦៨.០១៥ក្បាល រួមមាន ជ្រូក មាន់ (ពងមាន់​នាំ​ចេញ​ប្រមាណ​ជា​ង ៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ) ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០.០០០.០០០ដុល្លារ/ឆ្នាំ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឱ្យដឹងថា វិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥត​ឈប់​ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥​កន្លងទៅ ដោយទទួលបានគម្រោង វិនិយោគក្រោម ៥​លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០​គម្រោង​។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ច (SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំង​ពលកម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គម​កិច្ចដទៃ​ទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាព​ប្រជា​ពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លាន​ដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។

ឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះ។

សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។

សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia