ព័ត៌មាន
ប្រមុខការទូតកម្ពុជាថ្លែងថា ការលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពីសំណាក់ភាគីថៃ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អះអាងថា ការបាត់បង់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ រវាងកម្ពុជា និងថៃ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃ ខណៈអនុស្សរណៈនេះវាក៏ជាក្របខណ្ឌមួយ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រកម្ពុជា និងថៃផ្អែកទៅលើច្បាប់អន្តរជាតិ។
ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីម្សិលមិញទាក់ទងនឹងភាគីថៃគ្រោងនឹងលុបជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវាងកម្ពុជា និងថៃ និងគោលជំហរកម្ពុជាក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនសមុទ្រកម្ពុជានោះ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នានៅក្នុងតំបន់ខ្ពង់រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។
ប្រមុខការទូតកម្ពុជារូបនេះបានគូសបញ្ជាក់ថា «អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះ ជាអនុ ស្សរណៈដែលមានលខ្ខណៈលើសពីកិច្ចព្រមព្រៀងខាងបច្ចេកទេសទៅទៀត ដូច្នេះហើយបានជាកម្ពុជា មានការសោកស្តាយ សោកស្តាយដោយសារតែអនុស្សរណៈនេះក៏មានអត្ថន័យខាងនយោបាយធំធេងដែរ សម្រាប់ប្រទេសកម្ពុជា និងថៃ ពីព្រោះវាបង្ហាញឲ្យឃើញអំពីសុឆន្ទៈរបស់ប្រទេសទាំងពីរ និងការបម្រើផល ប្រយោជន៍នៃប្រទេសទាំងពីរ តាមរយៈនៃការព្រមព្រៀងនឹងគ្នាទៅលើក្របខណ្ឌទ្វេភាគីមួយ ដើម្បីធ្វើការ ឬធ្វើអាជីវកម្មរួមគ្នាក្នុងតំបន់ដែលត្រួតស៊ីគ្នានៅតំបន់ខ្ពង់រាបបាតសមុទ្រ ផ្អែកទៅលើច្បាប់អន្តរជាតិ ដូច្នេះ ហើយបានយើងមានការសោកស្តាយ ដោយសារការបាត់បង់នូវអនុស្សរណៈនេះវាប៉ះពាល់ទៅដល់ទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរផងដែរ»។
ឯកឧត្តមប្រាក់ សុខុន បានគូសបញ្ជាក់ទៀតថា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះដែរ ក៏ ជាក្របខណ្ឌមួយដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃដែរផ្អែកលើច្បាប់អន្តរជាតិ ហើយវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាពក្នុងសហប្រតិបត្តិការ និងបម្រើនូវវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជានៅតែគោរព អនុវត្តទៅតាមMoU-2001ទាំងខ្លឹមសារទាំងស្មារតី ប៉ុន្តែក្នុងករណីដែលគណៈរដ្ឋមន្រ្តីថៃអនុម័តនូវការសម្រេចដកខ្លួនចេញពី MoUនេះ គឺមានន័យស្មើនឹងថៃបោះបង់ចោលនូវយន្តការ ឬក៏កិច្ចព្រមព្រៀងទ្វេ ភាគីដែលមានជាមួយកម្ពុជាអស់រយៈពេលជាង២៥ឆ្នាំសម្រាប់ដោះស្រាយបញ្ហាវិវាទនៅតំបន់ត្រួតស៊ីគ្នានេះ ហើយក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគីនេះកម្ពុជានឹងបន្តស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប